
កណ្ដាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញមូលហេតុចំនួន៤យ៉ាង ដែលសម្ដេចត្រូវតែលះបង់តំណែងនាយករដ្ឋមន្រ្ដីនាពេលនេះ ដល់អ្នកដឹកនាំបន្តវេន គឺដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះថា ការលះបង់តំណែងរបស់សម្ដេច ក្នុងពេលសម្ដេចមានជីវិត គឺជាការប្រសើរជាងការផ្ទេរតំណែងពេលអស់ជីវិត។
សម្តេចតេជោ បានបញ្ជាក់ថា ការរៀបចំផ្ទេរតំណែងបន្តវេនរបស់សម្តេចនាពេលនេះ គឺយកតាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ។
សម្ដេចតេជោ បានចោទសួរថា ក្នុងប្រវត្តិសាស្ត្រកម្ពុជា មានមេដឹកនាំរូបណាខ្លះ ស្ម័គ្រចិត្តបោះបង់តំណែងនោះ?ដូច្នេះការ ការប្រគល់តួនាទីឱ្យក្រុមយុវជនជំនាន់ក្រោយនាពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺមានសេណារីយោចំនួនពីរ។ ទី១ គឺរៀបចំឱ្យអ្នកចាស់ដឹកនាំមួយឆ្នាំ ទៅពីរឆ្នាំសិន និងសេណារីយោ ទី២ គឺឱ្យអ្នកថ្មីដឹកនាំចាប់ពីដើមអាណត្តិតែម្តង។ ដូច្នេះតាមរយៈសំឡេងឆ្នោតគាំទ្រ លើសលុបរបស់ប្រជាពលរដ្ឋ សម្ដេចសម្រេចយកជ្រើសរើសយកសេនារីយោទី២តែម្ដង៕អត្ថបទ៖ វ៉ន ដារ៉ា