កីឡាទូក៖ កីឡាទូកកានូ-កាយ៉ាក់ និងទូកប្រពៃណីខ្នាតអន្តរជាតិ ត្រូវបានកំណត់ទីតាំងនៃទីលានប្រកួតកីឡាស៊ីហ្គេម ដើម្បីស្នើសុំការសម្រេចចុងក្រោយពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកាប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ហើយ បន្ទាប់ពីមានការអន្តរាគមន៍ពីគណៈកម្មការជំនាញ CAMSOC កាលពីថ្មីៗ។

ការកំណត់ទីតាំងនៃទីលានប្រកួតកីឡាទូកនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមអនឡាញរបស់គណៈអចិន្ត្រៃយ៍ CAMSOC ក្នុងសប្ដាហ៍នេះ ដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ដោយផ្ដោតសំខាន់លើការកំណត់ទីលានប្រកួតសេសសល់កីឡា ២ប្រភេទគឺកីឡាទូកកានូ-កាយ៉ាក់ និងទូកប្រពៃណីខ្នាតអន្ដរជាតិ និងកីឡាបាញ់កាំភ្លើង។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ចំពោះទីតាំងនៃទីលានប្រកួតកីឡាស៊ីហ្គេមលើប្រភេទកីឡាទូក បានសម្រេចយកទីតាំងនៅខេត្តកំពតដដែល បន្ទាប់ពីគណៈកម្មការជំនាញបានចុះពិនិត្យ និងវាយតម្លៃទីតាំងមួយទៀតនៅជាយក្រុងភ្នំពេញ។ ក្រោយពិភាក្សាជាមួយសហព័ន្ធសាមីរួច សហព័ន្ធបានឯកភាពកំណត់យកទីលានប្រកួត នៅមជ្ឈមណ្ឌលកីឡាលើទឹករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅខេត្តកំពតតែម្ដង។
ទន្ទឹមជាមួយគ្នា កិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ CAMSOC ក៏បានពិភាក្សាជាមួយសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ហើយបានធ្វើការកំណត់ទីតាំងនៃទីលានប្រកួតកីឡាស៊ីហ្គេម ដោយសហព័ន្ធបានឯកភាពរៀបចំការប្រកួតនៅខេត្តព្រះសីហនុ ជាមួយប្រភេទកីឡាទូកក្ដោង និងកីឡាម៉ូតូទឹកដែរ។ នេះគឺជាប្រភេទកីឡាចុងក្រោយដែលគណៈអចិន្ដ្រៃយ៍ CAMSOC បានប្រជុំពិភាក្សាអំពីការកំណត់ទីលាន ដើម្បីធ្វើរបាយការណ៍រួមបញ្ជូនទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ដើម្បីធ្វើការត្រួតពិនិត្យ និងសម្រេចចុងក្រោយនាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍ CAMSOC រយៈពេល ២សប្ដាហ៍ចុងក្រោយបានផ្ដោតសំខាន់លើការកំណត់ទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនោះ CAMSOC បានកំណត់ទីតាំងចំនួន ៥ធំៗដើម្បីត្រៀមរៀបចំការប្រកួតកីឡាចំនួន ៤០ប្រភេទរួមមានទីតាំងរាជធានីភ្នំពេញ ដែលប្រមូលផ្ដុំដោយការប្រកួតច្រើនប្រភេទកីឡាជាងគេ ពិសេសពិធីបើក-បិទ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកំពត និងខេត្តកែប ខណៈទីតាំងនីមួយៗរង់ចាំតែការសម្រេចចុងក្រោយរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប៉ុណ្ណោះ។
គួរដឹងថា គិតត្រឹមថ្ងៃនេះកម្ពុជាសល់ពេលជាង ៧០០ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ដែលគ្រោងប្រារព្ធពិធីបើកផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៥ ខែឧសភា និងពិធីបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនបន្ដធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទ៖ លី ឈុនឡា