
កណ្ដាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ទៅកាន់បុគ្គលមួយចំនួន កុំយកប្រទេសមួយ ឬពីរមកធ្វើជាសហគមន៍អន្តរជាតិ ចំពោះមុខកម្ពុជាឱ្យសោះ។ ចំណែកបរទេសមួយចំនួនទៀត ក៏សូមគោរពលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា កុំគាំទ្របុគ្គលមួយក្រុមតូចហើយមិនគោរពសិទ្ធិ សេរីភាព និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺកើតឡើងដោយសំឡេងគាំទ្រភាគច្រើនលើសលុបពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ ដូច្នេះ បុគ្គលមួយចំនួន កុំយកប្រទេសមួយ ឬពីរមកធ្វើជាសហគមន៍អន្តរជាតិចំពោះមុខកម្ពុជាឱ្យសោះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានព្រមានរំលាយបក្សនយោបាយមួយដែលបំផុសបំផុលពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត គោលដៅបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាផងដែរ ក្រោយពេលមានភស្ថុតាងច្បាស់លាស់ និងមានបក្សពួកមួយចំនួនចេញមុខសារភាព៕អត្ថបទ៖វ៉ន ដារ៉ា