មីយ៉ាន់ម៉ា៖ កាលពីថ្ងៃពុធ (២ សីហា) កូនប្រុសពៅរបស់លោកស្រី អ៊ុងសាន ស៊ូជី លោក គីម អារីស បាននិយាយថាការលើកលែងទោសមួយផ្នែកដោយយោធាកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ាដល់អតីតមេដឹកនាំសហភាពមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី គឺ "គ្មានន័យអ្វីសោះ" ដោយអំពាវនាវឱ្យរដ្ឋាភិបាលលោកខាងលិចធ្វើសកម្មភាពបន្ថែមទៀតដើម្បីបង្កើនសម្ពាធលើរបបសឹកនោះ។
ការលើកលែងបទចោទចំនួន៥ករណីក្នុងចំណោមបទចោទប្រកាន់ទាំង១៩ករណី ដែលលោកស្រីត្រូវបានកាត់ទោសនោះ មានន័យថា រយៈពេល៦ឆ្នាំនឹងត្រូវកាត់ចេញពីការជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំរបស់លោកស្រី ស៊ូជី ប៉ុន្តែលោក អារីស ដែលមានសញ្ជាតិអង់គ្លេស បានប្រដូចទង្វើនេះទៅនឹងការអនុវត្តការឃោសនាទៅវិញ។
សហភាពមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១មក នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី និងបានបង្ក្រាបលើក្រុមអ្នកប្រឆាំងនៃការគ្រប់គ្រងដោយយោធា ដោយមានមនុស្សរាប់ពាន់នាក់ត្រូវជាប់ពន្ធនាគារ ឬត្រូវបានសម្លាប់ផងដែរ។
ម្ចាស់ជ័យលាភីណូបែលសន្តិភាពវ័យ៧៨ឆ្នាំដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលធ្វើរដ្ឋប្រហាររូបនេះ បានបដិសេធរាល់ការចោទប្រកាន់ដែលលោកស្រីត្រូវបានកាត់ទោស រាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ ហើយបាននិងកំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងពួកគេទៀតផង៕

