ប៉ូឡូញ៖ ប្រទេសប៉ូឡូញនឹងដាក់ពង្រាយទាហានបន្ថែមទៀត នៅតាមព្រំដែនជាមួយប្រទេសបេឡារុស បន្ទាប់ពីខ្លួនបានចោទប្រកាន់ទីក្រុងមីនស្ក៍ (Minsk) ថា រំលោភលើដែនអាកាសរបស់ខ្លួន ដែលសកម្មភាពនេះ បង្កើនភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសសមាជិកណាតូ (NATO) មួយនេះ និងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់វិមានក្រឹមឡាំង ជុំវិញបរិយាកាសសន្តិសុខដែលប្រែប្រួលកាន់តែខ្លាំងឡើង នៅតំបន់អឺរ៉ុប។
រដ្ឋាភិបាលទីក្រុងវ៉ាសូវី បានឲ្យដឹងថា ឧទ្ធម្ភាគចក្ររបស់បេឡារុស ២គ្រឿង ត្រូវបានចោទថា បានរំលោភលើដែនអាកាសប៉ូឡូញ អំឡុងពេលសមយុទ្ធហ្វឹកហ្វឺន កាលពីថ្ងៃអង្គារ (ទី១ ខែកក្កដា) តែក្រសួងការពារជាតិបេឡារុស បានបដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលថា ជាការចោទប្រកាន់ «មិនសូវទំនង»។
ភាពតានតឹងនេះ បានកើតឡើងក្នុងពេលមានមានកើនឡើងនូវសកម្មភាព នៅជិតព្រំដែនដីដ៏តូច រវាងប្រទេសប៉ូឡូញ និងលីទុយអានី ដែលត្រូវបានគេដឹងថា ជាគម្លាត Suwalki ឬច្រករបៀង ដែលកងទ័ពមកពីក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី កំពុងធ្វើដំណើរឆ្ពោះទៅ ដែលជាប៉ុនប៉ងជាក់ស្តែង ដើម្បីបង្កើនសម្ពាធលើសមាជិកណាតូ និងសហភាពអឺរ៉ុប។
គួរបញ្ជាក់ដែរថា មេដឹកនាំបេឡារុស លោក Alexander Lukashenko បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីទប់ស្កាត់ការបះបោរដែលបរាជ័យរបស់ក្រុមទាហានស៊ីឈ្នួល Wagner ប្រឆាំងនឹងទីក្រុងម៉ូស្គូ បន្ទាប់ពីនោះមក ទាហានស៊ីឈ្នួលរាប់ពាន់នាក់ ត្រូវបានរាយការណ៍ថា ត្រូវបានបញ្ជូនទៅកាន់ប្រទេសបេឡារុស។
ក្រសួងការពារជាតិប៉ូឡូញ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ទីក្រុងមីនស្ក៍ បានជូនដំណឹងដល់ទីក្រុងវ៉ាសូវីអំពីសមយុទ្ធនេះដែរ ប៉ុន្តែការឆ្លងកាត់ព្រំដែន បានកើតឡើងនៅភាគខាងកើតតំបន់ Bialowieza ( ប៊ូយ៉ាឡូវ៉េហ្សា) ក្នុងរយៈកម្ពស់ទាបបំផុត ដែលលំបាកចាប់បានដោយប្រព័ន្ធរ៉ាដា»។
ក្រសួងបានបន្ថែមទៀតថា រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak (ម៉ាអ៊ូស ប្លាស្សាក់) បានបញ្ជាជាបន្តបន្ទាប់ឲ្យដាក់ពង្រាយទាហាន និងឧទ្ធម្ភាគចក្រប្រយុទ្ធបន្ថែមទៀត នៅតាមព្រំដែន។ តែយ៉ាងណាក្ដី ក្រសួងការពារជាតិបេឡារុស បាននិយាយថា៖ «មិនមានការរំលោភលើដែនអាកាសដោយឧទ្ធម្ភាគចក្រ Mi-24 និង Mi-8 នោះឡើយ»៕


