កណ្ដាល៖ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ប្រទេសចិន នៅតែបន្តរួមដំណើរជាមួយប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការនានា ធ្លាប់អនុវត្តកន្លងមក ជាមួយនឹងរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលនឹងដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី៣ ខែសីហានេះ ឯកឧត្តម វ៉ាង វិនធាន បានលើកឡើងថា បន្ទាប់ពីបានឃើញដោយផ្ទាល់ គឺការបោះឆ្នោតនៅកម្ពុជា មានយុត្តិធម៌ មិនលម្អៀង ប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់សិទ្ធិបោះឆ្នោតដោយសេរី ហើយក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ប្រទេសចិនសូមចូលរួមអបអរយ៉ាងកក់ក្ដៅ ចំពោះប្រទេសកម្ពុជា ដែលរៀបចំការបោះ ឆ្នោតប្រកបដោយជោគជ័យ ។
ឯកឧត្តម ក៏សូមអបអរចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះយ៉ាងលើសលប់ ហើយសូមជូនពរដល់កម្ពុជា ក្នុងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីដោយរលូន និងជឿជាក់ថា ក្រោមការដឹកនាំបន្តរបស់គណបក្សប្រជាជន កម្ពុជានឹងទទួលបានសមិទ្ធផលកាន់តែច្រើន ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាថ្ងៃអនាគត និងឆ្ពោះទៅរកសេចក្តីសុខ សេចក្តីចម្រើន ។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង រួមទាំងថ្នាក់ដឹកនាំរបស់ប្រទេសចិនដទៃ ទៀត បានចេញសារអបអររួចរាល់ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងប្រទេសកម្ពុជា ដែលទទួលបានជោគជ័យ ខណៈការបោះឆ្នោតនេះ ប្រទេសចិន ក៏បានបញ្ជូនអ្នកសង្កេតការណ៍ មកចូលរួមសង្កេតផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ




