ភ្នំពេញ៖ សមិទ្ធផលផ្លូវបេតុងថ្មីមួយខ្សែបន្ថែមទៀតហើយ គឺផ្លូវ57BT ដែលបាននឹងកំពុងដំណើរការដាក់ប្រព័ន្ធលូបង្ហូរទឹក និងស្ថាបនាជាផ្លូវបេតុងថ្មី លើផ្លូវចាស់ដែលមានសភាពចាស់ទ្រុតទ្រោម ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី២ បានប្រាប់ BTV ឱ្យដឹងថា គម្រោងស្ថាបនាផ្លូវមួយខ្សែនេះ មានប្រវែង៣៥៧ម៉ែត្រ មានទទឹង០៥ម៉ែត្រ ក្នុងនោះចែកចេញជា២គម្រោង គឺការដាក់ប្រព័ន្ធលូបង្ហូរទឹកដែលមានមុខកាត់៨តឹក ជាគម្រោងរបស់ថ្នាក់ខណ្ឌ និងគម្រោងទី២ គឺដាក់ចាក់ផ្លូវបេតុង គឺជាមូលនិធិអភិវឌ្ឍន៍របស់សង្កាត់ ។
លោកចៅសង្កាត់បន្តថា សមិទ្ធផលនេះ គឺជាការតបស្នងទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់សំឡេងឆ្នោត ដែលពួកគាត់ បានបោះឆ្នោតគាំទ្រលើគណបក្សប្រជាជនកម្ពុជា ដូច្នោះហើយ ក្នុងនាមអាជ្ញាធរ គឺមិនធ្វើឱ្យពលរដ្ឋខកចិត្ត ឬអស់ជំនឿចិត្តនោះឡើយ គឺនឹងខិតខំប្រឹងប្រែងបន្តសកម្មភាពជួយដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ និងបន្តសកម្មភាពអភិវឌ្ឍន៍ឥតឈប់ឈរ នៅក្នុងមូលដ្ឋាន ។
ពលរដ្ឋរស់នៅលើបណ្តោយផ្លូវខាងលើ ក៏ដូចជាប្រជាអ្នកដំណើរដែលឧស្សាហ៍ឆ្លងកាត់ បានបង្ហាញក្តីសប្បាយរីករាយ ដែលក្រុមអាជ្ញាធរ បានជួយគិតគូរជួសជុល និងស្ថាបនាផ្លូវឱ្យបានស្អាតល្អជូនពលរដ្ឋប្រើប្រាស់ទាំងអស់គ្នា ។
ពលរដ្ឋបន្តថា ពួកគាត់រីករាយចំពោះការអភិវឌ្ឍន៍ ព្រោះពួកគាត់បានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សបានដឹកនាំប្រទេសជាតិ បន្តបោះជំហានឈានទៅរកការអភិវឌ្ឍន៍កាន់តែខ្លាំងខ្លាបន្ថែម ។
ពលរដ្ឋបន្តថា នៅពេលមានផ្លូវបេតុងថ្មី ពួកគាត់ងាយស្រួលក្នុងការចរាចរណ៍ធ្វើដំណើរទៅមក ក៏ដូចជាងាយនឹងប្រកបរបរលក់ដូរ និងរកស៊ីទទួលទានបានកាន់តែប្រសើរឡើង ព្រោះនៅពេលមាផ្លូវស្អាតល្អ ប្រាកដជាមានពលរដ្ឋធ្វើដំណើរទៅមកខ្វាត់ខ្វែងច្រើនជាក់ជាមិនខានឡើយ ។ ពលរដ្ឋ បន្ថែមថា អ្វីដែលកាន់តែប្រសើរជាងនេះទៅទៀតនោះ គឺផ្លូវមួយខ្សែនេះ បានដាក់ប្រព័ន្ធបង្ហូរទឹកដែលមានមុខកាត់ធំជាងប្រព័ន្ធលូចាស់ ដូច្នោះហើយវាអាចធានាបានចំពោះការមិនអាចជន់លិចផ្លូវក្នុងរយៈពេលយូរនោះទេ នៅរៀងរាល់ពេលមានភ្លៀងធ្លាក់ខ្លាំង ឬរដូវរស្សា ចូលមកដល់នោះ ។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែខាងលើនេះ បានចាប់ផ្តើមដំណើរការដាក់ប្រព័ន្ធលូ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ហើយក្រោយការដាក់ប្រព័ន្ធលូត្រូវបានបញ្ចប់ ការចាក់ផ្លូវបេតុង នឹងចាប់ផ្តើមភ្លាមៗតែម្តង ដើម្បីឱ្យផ្លូវនេះឆាប់បានរួចរាល់សម្រាប់ពលរដ្ឋទាំងក្នុង និងក្រៅតំបន់អាចទទួលបានសម្រាប់ការប្រើប្រាស់ជាប្រយោជន៍រួមទាំងអស់គ្នា ៕ អត្ថបទ ៖ លីហេង








