កូរ៉េខាងត្បូង៖ កម្មករសំណង់របស់ប្រទេសកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នាតវ៉ា នៅមុខការិយាល័យប្រធានាធិបតី ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃពុធ (ទី២ ខែសីហា) ដើម្បីទាមទារលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរឡើងជាងនេះ ខណៈដែលប្រទេសនេះ បានព្រមានកាន់តែខ្លាំងឡើងៗ អំពីអាកាសធាតុក្តៅដល់កម្រិតខ្ពស់បំផុតជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ។
បន្ទាប់ពីចាក់ទឹកកកលើខ្លួនឯងរួចមក លោកស្រី Jeon Jae-hee ដែលជាសមាជិកនៃសហជីពកម្មករសំណង់ បាននិយាយថា៖ «រលកកម្ដៅរបស់កូរ៉េខាងត្បូងកំពុងឈានដល់កម្រិតក្ដៅខ្លាំងបំផុត។ បើទោះជាសីតុណ្ហភាពឡើងលើស ៣៥អង្សារសេក៏ដោយ កម្មករសំណង់មិនអាចសម្រាក នៅកន្លែងសម្រាកបានទេ ហើយវារឹតតែពិបាក ក្នុងការប្រើបន្ទប់សម្រាក»។
រូបភាពវីដេអូពីសហជីព បានបង្ហាញឲ្យឃើញថា កម្មករសំណង់ដេកលើដី នៅឯការដ្ឋានសំណង់ ដើម្បីឲ្យត្រជាក់។ ដោយឡែកនៅឯតំបន់ទេសចរណ៍ Myeongdong គេឃើញប្រជាជនកាន់កង្ហារចល័ត និងបរិភោគការ៉េម ខណៈដែលរបាំងការពារកម្តៅថ្ងៃ និងឧបករណ៍ត្រជាក់ក ត្រូវបានដាក់លក់ នៅតាមហាងនានា។
សូមបញ្ចាក់ថា បើតាមភ្នាក់ងារពន្លត់អគ្គិភ័យជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានធ្វើការព្រមានកាន់តែខ្លាំងឡើងៗ អំពីកម្ដៅ នៅក្នុងប្រព័ន្ធ ៤ថ្នាក់របស់ខ្លួនដល់កម្រិតខ្ពស់បំផុត គិតត្រឹមម៉ោង ៦ល្ងាច នៅថ្ងៃអង្គារ (ទី១ ខែសីហា) ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩។ កម្ដៅដ៏ហួតហែងនេះ ត្រូវបានគេប៉ាន់ប្រមាណថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២នាក់ នៅទូទាំងប្រទេស គិតត្រឹមថ្ងៃអង្គារនោះ ពោលគឺច្រើនជាង៣ដងនៃចំនួន ៧នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕

