UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ បានស្វាគមន៍បទឈប់បាញ់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោក Guterres បានជំរុញឲ្យភាគីទាំង២ ស្រុះស្រួលបញ្ឈប់ការវាយប្រយុទ្ធគ្នា។

ប្រមុខអង្គការសហប្រជាជាតិរូបនេះបាននិយាយថា លោកសង្កត់ធ្ងន់ថា ក្រុមមេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីនមានទំនួលខុសត្រូវលើសពីការស្ដារ ស្ថានការណ៍វិលទៅរកភាពស្ងប់ស្ងាត់ដើម្បីចាប់ផ្ដើមការសន្ទនាដ៏ស៊ីជម្រៅ ក្នុងការដោះស្រាយឫសគុលមូលហេតុនៃជម្លោះនេះ។ លោក Guterres បានថ្លែងភ្លាមៗបន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាសបានប្រកាសបទឈប់បាញ់ ដែលបានចូលជាធរមាននៅម៉ោង ២ព្រឹកថ្ងៃសុក្រម៉ោងនៅមជ្ឈិមបូព៌ា ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ១១ថ្ងៃដែលបានបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ហ្គាហ្សា និងឆក់យកជីវិតមនុស្សរាប់រយនាក់។
ចំណែកលោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃព្រហស្បតិ៍បានសារទរបទឈប់បាញ់ ដែលពិភពលោកចង់បានក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយនិយាយថា លោកបានមើលឃើញឱកាសដ៏ពិតប្រាកដ ឆ្ពោះទៅគោលដៅកាន់តែធំនៃការកសាងសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា។ លោកជឿជាក់ថា ពលរដ្ឋប៉ាឡេស្ទីន និងអ៊ីស្រាអែលសមនឹងទទួលបានសុវត្ថិភាពក្នុងការរស់នៅប្រកបដោយភាពស្មើគ្នា និងធានាបានវិធានការនានានៃភាពរីកចម្រើននៃសេរីភាព ភាពរុងរឿង និងលទ្ធិប្រជាធិបតេយ្យ៕
អត្ថបទ៖ សុខមាន