កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសពីការរកឃើញមនុស្សដល់ទៅជិត ១០០នាក់ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលសុទ្ធតែពាក់ព័ន្ធនឹងកម្មការិនីរោងចក្រនៅតំបន់ស្គន់។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ស្ត្រី ៨៩នាក់ និងបុរស ៤នាក់ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីពួកគេបានប៉ះពាល់ជាមួយកម្មការិនីមានផ្ទុកមេរោគនេះ។
បើតាមរដ្ឋបាលខេត្តកំពង់ចាម អ្នកឆ្លងមេរោគកូវីដ-១៩ទាំង ៩៣នាក់នេះ ត្រូវបានរកឃើញនៅក្នុងចំណោមការតេស្តសំណាករបស់មនុស្ស ៨០១នាក់ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃម្សិលមិញនេះ។
រដ្ឋបាលខេត្តនេះបញ្ជាក់ទៀតថា អ្នកឆ្លងថ្មីទាំង ៩៣នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាមហើយ ខណៈអាជ្ញាធរកំពុងស្រាវជ្រាវរកអ្នកប៉ះពាល់ដទៃទៀត។
គិតត្រឹមថ្ងៃនេះ ខេត្តកំពង់ចាមបានរកឃើញមនុស្ស ៣៩៨នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅក្នុងខេត្តនេះ ប៉ុន្តែ អ្នកជំងឺកូវីដ-១៩សរុប ១២៨នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ២៣នាក់ទៀតកាលពីថ្ងៃម្សិលមិញនេះ៕