អាមេរិក៖ លោក Chris Hewitt ប្រធានការិយាល័យអាកាសធាតុអន្តរជាតិសម្រាប់អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា បាតុភូតអែលនីញ៉ូ ដែលកំពុងវិវឌ្ឍ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានលើផលិតកម្មកសិកម្មសកលនៅឆ្នាំនេះ។ កាលពីដើមខែកក្កដា អង្គការឧតុនិយមពិភពលោក បានប្រកាសថា ស្ថានភាពបាតុភូតអែលនីញ៉ូ បានវិវឌ្ឍនៅក្នុងតំបន់ប៉ាស៊ីហ្វិកត្រូពិកជាលើកដំបូង ក្នុងរយៈពេល៧ឆ្នាំមកនេះ ដែលកំពុងកំណត់តំណាក់កាលសម្រាប់ការកើនឡើងសីតុណ្ហភាពសកលដែលកើតមាន អាកាសធាតុដែលបង្កការរំខាន និងគំរូអាកាសធាតុ។ ខណៈព្រឹត្តិការណ៍អាកាសធាតុដែលកំពុងកើតឡើងដោយធម្មជាតិ បាតុភូតអែលនីញ៉ូ បានទាក់ទងទៅនឹងការឡើងកម្តៅនៃសីតុណ្ហភាពផ្ទៃសមុទ្រ នៅតំបន់ប៉ាស៊ីហ្វិកត្រូពិកភាគខាងកើតនិងភាគកណ្តាល។ វាបានកើតឡើងជាមធ្យមរៀងរាល់២ឆ្នាំទៅ៧ឆ្នាំ ហើយជាធម្មតាមានរយៈពេល៩ទៅ១២ខែ ហើយអាចបង្កឲ្យមានបម្រែបម្រួលអាកាសធាតុដូចជា ទឹកជំនន់ នៅក្នុងតំបន់ស្ងួតហួតហែងធម្មតា ដោយមានភ្លៀងធ្លាក់តិចតួច និងមានគ្រោះរាំងស្ងួត នៅក្នុងតំបន់មានទឹកទឹកភ្លៀងធ្លាក់ច្រើន។ លោក Hewitt បានពន្យលនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗ ជាមួយទូរទស្សន៍កណ្តាលរដ្ឋចិនថា វាប្រែប្រួលច្រើនចន្លោះពី១ឆ្នាំ ទៅ១ឆ្នាំ ហើយផលប៉ះពាល់វាមានទៅលើតំបន់ខុសៗគ្នានៃការប្រែប្រួលលើពិភពលោកផងដែរ។ ដូច្នេះយើងពុំអាចដឹងថាតើនៅឆ្នាំនេះវាមានផលប៉ះពាល់ខ្លាំងឬយ៉ាងណានោះទេ។ លោកនិយាយថា ផ្នែកមួយចំនួននៃពិភពលោក អាចមានគ្រោះរាំងស្អួតទាក់ទងនឹងបាតុភូតអែលនីញ៉ូ ដូច្នេះផលប៉ះពាល់នៃគ្រោះរាំងស្ងួត ច្បាស់ណាស់វាមិនល្អសម្រាប់វិស័យកសិកម្មនោះទេ ហើយសម្រាប់សហគមន៍នានា ពួកគេចាំបាច់ត្រូវពិចារណាពីការស្រោចស្រពដំណាំរបស់ពួកគេ។ នៅផ្នែកដ៏ទៃទៀតនៃពិភពលោក អាចជួបប្រទះទឹកជំនន់ ហើយដូច្នេះកំពុងពឹងផ្អែកលើកម្លាំងនៃទឹកជំនន់ដែលអាចប៉ះពាល់ដល់វិស័យកសិកម្ម ដែលវាអាចបំផ្លាញដំណាំ។ ការធ្វើបច្ចុប្បន្នភាពរបស់អង្គការឧតុនិយមពិភពលោក ដែលបានរួមបញ្ចូលការព្យាករណ៍ និងការណែនាំរបស់អ្នកជំនាញពីជុំវិញពិភពលោក និយាយថា អាចកើតមាន៩០ភាគរយនៃព្រឹត្តិការណ៍បាតុភូតអែលនីញ៉ូ ដែលនៅបន្តក្នុងអំឡុងឆមាសទី២ នៃឆ្នាំ២០២៣ ហើយវាត្រូវបានគេរំពឹងថាយ៉ាងហោចណាស់មានស្ថានភាពខ្លាំងកម្រិតមធ្យម។

