អតីតខ្សែការពារក្រុមជម្រើសជាតិប្រេស៊ីល និង Barcelona, Dani Alves បានទទួលរងការចោទប្រកាន់ផ្លូវការដោយចៅក្រមអេស្ប៉ាញ ជុំវិញរឿងក្តីវាយដំ រំលោភបំពានផ្លូវភេទកាលពីខែមករា។
Dani Alves ត្រូវបានឃាត់ខ្លួនកាលពីខែមករានោះ ក្រោមការចោទប្រកាន់ប្រើអំពើហិង្សាលើនារីម្នាក់នៅក្នុងរង្គសាលមួយកន្លែងនៅទីក្រុង Barcelona។
ចៅក្រមអេស្ប៉ាញបានបញ្ជាក់ថា នៅពេលនេះភស្តុតាងប្រមូលបានគ្រប់គ្រាន់ហើយជុំសកម្មភាពខុសច្បាប់របស់កីឡាករវ័យ ៤០ ឆ្នាំរូបនេះ។
Alves ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ទោះមានសំណើសុំដោះលែងត្រូវបានច្រានចោលនោះ អះអាងថាគាត់បានរួមភេទដោយយល់ព្រមជាមួយជនរងគ្រោះ។

មេធាវីរបស់ Alves បាននិយាយថា កីឡាករនឹងមិនបង្អង់ដំណើរការដោយប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការចោទប្រកាន់នោះទេ។
នៅអេស្បាញ ការអះអាងពីការរំលោភត្រូវបានស៊ើបអង្កេតក្រោមការចោទប្រកាន់ជាទូទៅអំពីការរំលោភផ្លូវភេទ ហើយការកាត់ទោសអាចនាំឱ្យជាប់ពន្ធនាគារពី ៤ ទៅ ១៥ ឆ្នាំ។
ពេលនេះ តំណាងអយ្យការត្រូវបញ្ជូនការចោទប្រកាន់ជាផ្លូវការទៅតុលាការ និងកំណត់កាលបរិច្ឆេទនឹងត្រូវកំណត់សម្រាប់ការជំនុំជម្រះ។
រំលឹកថា Dani Alves ធ្លាប់បង្ហាញខ្លួន ៤០៨ ប្រកួតឱ្យ Barcelona ឈ្នះជើងឯក La Liga ៦ លើក UEFA Champions League ៣ លើក ហើយក៏ជាសមាជិករបស់ក្រុមជម្រើសជាតិប្រេស៊ីលផងដែរនៅ World Cup 2022 ទឹកដីកាតាឆ្នាំមុន។
ក្លិបចុងក្រោយបំផុតដែល Alves រួមអាជីពគឺក្លិបម៉ិកស៊ិក Pumas UNAM ដែលក្រោយមកលុបចោលកិច្ចសន្យាកីឡាករប្រេស៊ីលរូបនេះកាលពីខែមករា៕ អត្ថបទ៖នាង សុភាវុធ
