អ៊ុយក្រែន៖ ក្រុមអ្នកជំនាញអន្តរជាតិ បាននិយាយកាលពីថ្ងៃពុធ នៅក្នុងការសង្ខេបនៃការរកឃើញចុងក្រោយរបស់ពួកគេថា អ្នកទោសមួយចំនួនធំ ដែលត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅភាគខាងត្បូងដែលកាន់កាប់ដោយរុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានគេធ្វើទារុណកម្ម និងរំលោភផ្លូវភេទ។
ក្រុមយុត្តិធម៌ចល័ត (Mobile Justice Team) ដែលបង្កើតឡើងដោយក្រុមហ៊ុនច្បាប់មនុស្សធម៌អន្តរជាតិ អនុលោមសិទ្ធិសកលឬGlobal Rights Compliance បានធ្វើការជាមួយរដ្ឋអាជ្ញាឧក្រិដ្ឋកម្មសង្គ្រាមនៅសង្គ្រាមអ៊ុយក្រែន នៅក្នុងតំបន់ឃើសុន ( Kherson) ចាប់តាំងពីវាត្រូវបានដណ្តើមយកមកវិញ ក្នុងខែវិច្ឆិកា បន្ទាប់ពីរយៈពេលជាង៨ខែ ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
អាជ្ញាធរអ៊ុយក្រែន កំពុងពិនិត្យមើលរបាយការណ៍ជាង ៩៧.000 នៃអំពើឧក្រិដ្ឋកម្មសង្រ្គាម ហើយបានចោទប្រកាន់ជនសង្ស័យចំនួន២២០នាក់នៅក្នុងតុលាការក្នុងស្រុក។ ជនល្មើសកម្រិតខ្ពស់ អាចត្រូវបានកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)នៅទីក្រុងឡាអេដែលបានស្វែងរកចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រួចហើយ។
វិមានក្រឹមឡាំង បានបដិសេធឥតឈប់ឈរចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដោយកងកម្លាំងចូលរួមក្នុង«ប្រតិបត្តិការយោធាពិសេស»ដែលខ្លួននិយាយថា ត្រូវបានចាប់ ផ្តើម ដើម្បីលុបបំបាត់ណាហ្ស៊ីនិយមពីអ្នកជិតខាងរបស់ខ្លួន និងការពារប្រទេសរុស្ស៊ី៕


