
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យក្រុមហ៊ុនអាមេរិក មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញយកផលចំណេញពីគ្នាទៅវិញទៅមក។
ប្រភពពីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៣ សីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភាអាមេរិក ដឹកនាំដោយ ឯកឧត្តម Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធ GSPរបស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជាសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរជាដើម ដោយឯកឧត្តមយល់ថា ការបន្តឡើងវិញនូវប្រព័ន្ធ GSPនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីលទ្ធផលនៃការបោះឆ្នោតដែលទើបតែបញ្ចប់កាលពីពេលកន្លទៅនេះ និងអំពីវឌ្ឍនភាពថ្មីៗក្នុងការពង្រីកទីផ្សាររបស់កម្ពុជា ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី ក៏ដូចជាការរៀបចំបរិយាកាសធុរកិច្ច និងវិនិយោគឱ្យរឹតតែប្រសើរឡើង ដើម្បីទាក់ទាញការវិនិយោគឱ្យបានរឹតតែច្រើនបន្ថែមទៀត។
តាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ កម្ពុជា-អាម៉េរិក បានពិភាក្សាទៅលើវិធីសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។ សូមបញ្ជាក់ សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា ដោយក្នុងមួយឆ្នាំៗការដោះដូរពាណិជ្ជកម្មរវាងប្រទេសពីរ សម្រេចបានរហូតរាប់ពាន់លានដុល្លារអាមេរិក៕



