ជឺជិតស៊ូ៖ បន្ទាប់ពីខកខានឡើងសង្វៀន Who Number One កាលពីចុងខែមេសាកន្លងទៅ ដោយសាររបួសជង្គង់ កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងត្រូវឡើងសង្វៀនលំដាប់កំពូលនេះជាថ្មី ដោយត្រូវជួបកីឡាករជើងខ្លាំងប្រេស៊ីល Pati Fontes ក្នុងប្រភេទទម្ងន់ស្រាលនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក។
នេះគឺជាការប្រកួតដ៏ទាក់ទាញដែលរៀបចំដោយ FloGrappling ដ្បិតកីឡាការិនីជើងខ្លាំងទាំងពីរទើបបញ្ចប់ការប្រកួតកម្រិតពិភពលោក នៃព្រឹត្តិការណ៍ជើងឯកអាមេរិក២០២១ នៅមជ្ឈមណ្ឌលកីឡា NYTEX នារដ្ឋតិចសាសកាលពីចុងសប្ដាហ៍កន្លងទៅ ដោយកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក-ម៉ិចស៊ិក ខាន់ ចេសា ទទួលបានចំណាត់ថ្នាក់លេខ៣ ខណៈ Fontes ទទួលបានលេខ៤ ក្រោយបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។ នេះគឺជាការប្រកួតលើកទី២ លើសង្វៀន Who Number One របស់ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម ខាន់ ចេសា បន្ទាប់ពីបានផ្ដួលកីឡាការិនី Danielle Kelly យ៉ាងងាយស្រួលកាលពីដើមឆ្នាំកន្លងទៅ។ ប៉ុន្ដែប៉ះ Fontes ចុងខែនេះ គេជឿថា មិនមែនជារឿងងាយសម្រួលសម្រាប់អ្នកប្រយុទ្ធវ័យ ១៩ឆ្នាំឡើយ ព្រោះអ្នកទាំងពីរមានទេពកោសល្យល្អ និងធ្លាប់ដណ្ដើមបានសមិទ្ធផលធំៗប្រហាក់ប្រហែលគ្នាលើឆាកអន្ដរជាតិ។ អ្វីដែលៗគួរចាប់អារម្មណ៍ នេះក៏ជាជំនួបសងសឹកផងដែរ ព្រោះ ខាន់ ចេសា ធ្លាប់ប្រកួតចាញ់កីឡាការិនីវ័យ ៣៣ឆ្នាំ Fontes ម្ដងរួចមកហើយកាលពីឆ្នាំ២០១៦។
យ៉ាងណាមិញជំនួបលើកនេះ ត្រូវបានអ្នកជំនាញកីឡាជឺជិតស៊ូអន្តរជាតិបង្ហាញសុទិដ្ឋិនិយមថា ខាន់ ចេសា មានប្រៀបជាង Fontes ព្រោះនាងនៅវ័យក្មេងមានកម្លាំង និងបច្ចេកទេសល្អ ខណៈបទពិសោធន៍ប្រកួតមិនចាញ់ Fontes នោះទេ ពោលគឺមិនដូចកាលពួកគេជួបគ្នាលើកទី១ ឡើយ។ គួរដឹងថា សង្វៀន Who Number One គឺជាកម្មវិធីប្រកួតដ៏ធំមួយនៅអាមេរិក ដែលតែងផ្គូផ្គងកីឡាករ-កីឡាការិនីជើងខ្លាំងលើពិភពលោកជួបគ្នា ក្នុងនោះក៏មានវត្តមានកីឡាការិនីជើងខ្លាំងវ័យក្មេង ខាន់ ចេសា ផងដែរ។ កាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅ ចេសា ត្រូវបានផ្គូផ្គងឲ្យជួបកីឡាការិនីអាមេរិក Grace Gundrum តែដោយសាររបូសជង្គង់អំឡុងពេលហ្វឹកហាត់ នាងក៏សម្រេចចិត្តដកខ្លួនពីការប្រកួតវិញ មុនស្ថាប័ន FloGrappling ផ្គូផ្គងជាថ្មី ដោយត្រូវជួបគូសត្រូវចាស់កីឡាការិនី Pati Fontes នាចុងខែនេះតែម្ដង៕
អត្ថបទ៖ លី ឈុនឡា