កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រ (៤ សីហា)នេះ បានរិះគន់កញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានជំរុញភាពតានតឹងនៅក្នុងតំបន់ទៅជា "ចំណុចបញ្ឆេះសង្រ្គាមមួយផ្សេងទៀត" ។ សហរដ្ឋអាមេរិកបានបង្ហាញកញ្ចប់ជំនួយសម្រាប់កោះតៃវ៉ាន់ ដែលមានតម្លៃរហូតដល់៣៤៥លានដុល្លារកាលពីថ្ងៃសុក្រ ខណៈដែលសភាបានអនុញ្ញាតឲ្យជំនួយអាវុធដល់ទៅ១ពាន់លានដុល្លារសម្រាប់កោះនេះ ជាផ្នែកនៃថវិកាឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA លោក Maeng Yong Rim អគ្គនាយកនៃនាយកដ្ឋានកិច្ចការចិនរបស់ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ផែនការនេះគឺជាការបង្កហេតុខាងនយោបាយ និងយោធាដ៏គ្រោះថ្នាក់មួយ ព្រមទាំងជាការរំលោភយ៉ាងខ្លាំងក្លានៃគោលការណ៍ចិនតែមួយផងដែរ។
សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបាននិយាយថា "នេះគឺជាចេតនាដ៏អាក្រក់របស់សហរដ្ឋអាមេរិកក្នុងការប្រែក្លាយកោះតៃវ៉ាន់ទៅជាមូលដ្ឋានទំនើបដ៏រឹងមាំ បានប្រឆាំងនឹងប្រទេសចិន ព្រមទាំងជាលេណដ្ឋានខ្សែត្រៀមទីមួយសម្រាប់ការអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការរារាំងប្រទេសចិន" ។
យោងតាមអាជ្ញាធរការពារជាតិតៃវ៉ាន់បានឲ្យដឹងថា យោធាចិនបាននិងកំពុងដំឡើងសាច់ដុំជុំវិញកោះនេះ ដោយថ្មីៗនេះបានបញ្ជូនយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះផ្សេងៗជាច្រើនគ្រឿង រួមទាំងយានដ្រូន ទៅកាន់ភាគខាងត្បូងនៃកោះតៃវ៉ាន់៕

