ក្លិបបាល់ទាត់តោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកអ្នកចាំទីអេស្ប៉ាញ Robert Sanchez ពី Brighton ក្នុងតម្លៃ ២៥ លានផោន បន្ទាប់ពីការចាកចេញរបស់ Edouard Mendy ទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ahli។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះនឹងត្រូវប្រជែងអ្នកចាំទីដៃមួយនៅ Chelsea ជាមួយមិត្តរួមជាតិ Kepa Arrizabalaga នៅរដូវកាលថ្មីខាងមុខនេះ។
Robert Sanchez បាននៅជាមួយ Brighton តាំងពីវ័យ ១៥ ឆ្នាំដោយផ្លាស់ពីយុវជនថ្នាល Levante កាលពីឆ្នាំ ២០១៣ មុនពេលចាកចេញទៅ Forest Green និង Rochdale លក្ខខណ្ឌខ្ចីជើង និងបង្ហាញខ្លួននៅក្រុមធំ Brighton ដំបូងនៅខែវិច្ឆិកាឆ្នាំ ២០២០។
Sanchez ក៏ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអេស្ប៉ាញដែរនៅ Euro ២០២០ ដែលលើកមកពី ២០២១។
Robert Sanchez បានបាត់បង់តំណែងជម្រើសដំបូងរបស់ខ្លួននៅ Brighton នៅពាក់កណ្តាលរដូវកាល ២០២២-២៣ បន្ទាប់ពីបង្ហាញខ្លួនសរុបឱ្យ Brighton បាន ៩០ ប្រកួត៕ អត្ថបទ៖ នាង សុភាវុធ
