កូឡុំប៊ី៖ បើតាមរដ្ឋអាជ្ញាដែលគ្រប់គ្រងសំណុំរឿងកូនប្រុសច្បងរបស់ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែសីហា) បានឲ្យដឹងថា លោក Nicolas Petro បានសារភាពថា បានបញ្ចូលលុយខុសច្បាប់ទៅក្នុងយុទ្ធនាការបោះឆ្នោតរបស់ឪពុកខ្លួន កាលពីឆ្នាំមុន។
លោក Petro វ័យ ៣៧ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍ នៅទីក្រុងបារ៉ង់ឃ្វីយ៉ា (Barranquilla) ជាមួយនឹងអតីតភរិយារបស់លោកឈ្មោះលោកស្រី Daysuris del Carmen Vasquez ដែលត្រូវបានដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយ កាលពីខែមីនា ដោយរាយការណ៍ថា មនុស្ស ២នាក់ ដែលត្រូវបានចោទពីបទមានទំនាក់ទំនងជាមួយការជួញដូរគ្រឿងញៀន បានផ្តល់ប្រាក់ដល់អតីតគូស្វាមីភរិយារបស់លោកស្រី ដើម្បីគាំទ្រយុទ្ធនាការបោះឆ្នោតប្រធានាធិបតី។
រដ្ឋអាជ្ញាលោក Mario Burgos បាននិយាយថា ព័ត៌មាន បានរាយការណ៍ទាក់ទងនឹងការផ្តល់មូលនិធិ សម្រាប់យុទ្ធនាការនេះ ដែលហាក់ដូចជាហួសដែនកំណត់ផ្លូវច្បាប់ និងដែលមួយចំនួន មិនត្រូវបានរាយការណ៍ទៅអាជ្ញាធររៀបចំការបោះឆ្នោត។
ជាមួយគ្នានេះ ទោះបីជាលោកស្រី Vasquez បាននិយាយថា លោកប្រធានាធិបតីមិនបានដឹងពីការរៀបចំនេះក៏ដោយ ក៏រឿងអាស្រូវនេះ អាចរារាំងដល់ការប្រឹងប្រែងស្វែងរកសន្តិភាព និងកិច្ចព្រមចុះចាញ់របស់រដ្ឋបាលលោក Petro ជាមួយក្រុមប្រដាប់អាវុធ ហើយនិងរបៀបវារៈកំណែទម្រង់ដ៏ធំរបស់លោក។
យោងតាមការចោទប្រកាន់ បានឲ្យដឹងថា លោក Nicolas Petro សមាជិកសភា នៅខេត្ត Atlantico បានទទួលប្រាក់ពីអ្នកជួញដូរគ្រឿងញៀន ដែលត្រូវបានចោទជាថ្នូរនឹងការរួមបញ្ចូលអ្នកទាំងនោះ នៅក្នុងផែនការសន្តិភាពរបស់ប្រធានាធិបតី ហើយបទចោទប្រកាន់នេះ អាចនាំឲ្យមានការកាត់ទោសដាក់ពន្ធនាគារពី ១២ឆ្នាំ និង ២០ឆ្នាំ៕

