ក្រុមកីឡានគរបាលជាតិកម្ពុជា បានបង្កើតកំណត់ត្រាថ្មី ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នាទីក្រុង Winnipeg ប្រទេសកាណាដា ក្រោយដណ្ដើមបានមេដាយរហូតដល់ ៥២គ្រឿង ដែលស្ទើរតែកើនឡើងទ្វេដង បើធៀបកាលពីឆ្នាំមុន ។
គិតត្រឹមថ្ងៃទី០៤ ខែសីហានេះ មានអត្តពលិក នៃក្រសួងមហាផ្ទៃ ចំនួន ៨ប្រភេទកីឡាហើយ ក្នុងចំណោមកីឡា ១៣ប្រភេទ ដែលដណ្ដើមបានមេដាយអង្គភាព និងប្រទេសជាតិ រួមមានកីឡាហែលទឹក ដណ្ដើមបានមេដាយសរុប ១៥គ្រឿង (មាស ៦ ប្រាក់ ៦ និងសំរឹទ្ធ ៣) ។ កីឡាចំបាប់ ដណ្ដើមបានមេដាយសរុប ៨គ្រឿង (មាស ៤ និងប្រាក់ ៤) ។ កីឡាការ៉ាតេ ដណ្ដើមបានមេដាយសរុប ៨គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ២) ។
កីឡាបាល់ទះ ដណ្ដើមបានមេដាយ ២គ្រឿង រួមមានមេដាយមាស លើវិញ្ញាសាបាល់ទាត់បុរសក្នុងសាល និងមេដាយប្រាក់ លើវិញ្ញាសាបាល់ទះបុរសឆ្នេរខ្សាច់ ។ កីឡាវាយកូនឃ្លីលើតុ ដណ្ដើមបានមេដាយសរុប ៤គ្រឿង (មាស ២ និងប្រាក់ ២) ។ កីឡាចំបាប់កាច់ដៃ ដណ្ដើមបានមេដាយសរុប ១១គ្រឿង (មាស ៧ ប្រាក់ ២ និងសំរឹទ្ធ ២) ។ កីឡាលើកទម្ងន់ ដណ្ដើមបានមេដាយមាស ២គ្រឿង និងកីឡាយូដូ ដណ្ដើមបានមេដាយប្រាក់ ២គ្រឿង ។
សរុបលទ្ធផលបណ្ដោះអាសន្នពេលនេះ ក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ៥២គ្រឿង រួមមានមេដាយមាស ២៤ ប្រាក់ ២១ និងសំរឹទ្ធ ៧គ្រឿង ដែលជាចំនួនមេដាយដ៏ច្រើន បើធៀបកាលពីឆ្នាំមុន ដែលក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប ៣៣គ្រឿង រួមមានមេដាយមាស ១៥ ប្រាក់ ៨ និងសំរឹទ្ធ ១០គ្រឿង ក្នុងការប្រកួតកីឡាប៉ូលិសពិភពលោក នៅប្រទេសហូឡង់ ។
សូមរំឮកថា ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅប្រទេសកាណាដា គឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមានអត្តពលិកជានគរបាលជាង ៧០ប្រទេសចូលរួម ខណៈកម្ពុជា បានបញ្ជូនក្រុមកីឡានគរបាលជាតិចំនួន ១៣ប្រភេទកីឡាចូលរួម៕ អត្ថបទ៖ លី ឈុនឡា








