ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃព្រហស្បតិ៍ (៣ សីហា) បានហៅគោលនយោបាយការធ្វើអន្តោប្រវេសន៍របស់រដ្ឋតិចសាសថា "អមនុស្សធម៌" ហើយបានអំពាវនាវឱ្យដកចេញនូវរបាំងបណ្តែតទឹក ដែលលោកនិយាយថា រំលោភលើអធិបតេយ្យភាពរបស់ប្រទេសម៉ិកស៊ិក។
ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីប្រទះឃើញសាកសពមួយជាប់ក្នុងរបងបណ្តែតទឹក។ ក្រុមអាជ្ញាធរកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណសាកសពដែលបានរកឃើញនៅក្នុងទន្លេនោះ និងកំណត់មូលហេតុនៃការស្លាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់ប្រទេសម៉ិកស៊ិក។ នាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស (DPS) បាននិយាយថា ជនរងគ្រោះទំនងជាបានរសាត់អណ្ដែតចូលទៅក្នុងពោងបណ្តែតទឹក បន្ទាប់ពីលង់ទឹក។
រដ្ឋាភិបាលរដ្ឋតិចសាស បានដំឡើងរនាំងបណ្ដែតទឹកនោះកាលពីខែមុន ហើយបាននិយាយថា នៅពេលនោះ រនាំងនឹងជួយរារាំងជនអន្តោប្រវេសន៍ខុសច្បាប់ ដែលប៉ុនប៉ងឆ្លងកាត់ទន្លេដ៏គ្រោះថ្នាក់ចូលទៅក្នុងរដ្ឋតិចសាស។
ក្រុមមន្ត្រីម៉ិកស៊ិកកាលពីល្ងាចថ្ងៃពុធ (២ សីហា) ក៏បានរាយការណ៍អំពីសាកសពមិនស្គាល់អត្តសញ្ញាណទីពីរ ដែលបានរកឃើញនៅក្នុងទន្លេចម្ងាយប្រហែល៥គីឡូម៉ែត្រ (៣ ម៉ាយល៍) ពីសាកសពទីមួយ។ នាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីសាកសពទីពីរនោះទេ៕

