នីហ្សេ៖ របបសឹកនីហ្សេ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួនបានដកកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាច្រើនជាមួយប្រទេសបារាំង បន្ទាប់ពីការបណ្តេញលោកប្រធានាធិបតី Mohamed Bazoum ក្នុងរដ្ឋប្រហារកាលពីសប្តាហ៍មុន។
ប្រទេសបារាំងមានកងទ័ពចន្លោះពី ១.០០០នាក់ទៅ១.៥០០នាក់នៅក្នុងប្រទេសនីហ្សេ ដែលកំពុងជួយប្រយុទ្ធប្រឆាំងនឹងការបះបោរ ដោយក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ីស្លាម ដែលបានរីករាលដាលពាសពេញតំបន់នោះ។
របបសឹកនោះក៏បានប្រកាសតាមទូរទស្សន៍ជាតិថា ខ្លួនកំពុងបញ្ចប់អាណត្តិរបស់ឯកអគ្គរដ្ឋទូតនីហ្សេប្រចាំប្រទេសបារាំង នីហ្ស៊េរីយ៉ា តូហ្គោ និងសហរដ្ឋអាមេរិកផងដែរ៕

