បាល់ទាត់៖ Real Madrid បានសំរេចហើយក្នុងការនាំយកខ្សែប្រយុទ្ធ Luka Jovic ពីក្លិបអាល្លឺម៉ង់ Eintrach Frankfurt ក្នុងតំលៃមួយបិទជិត។ កីឡាករវ័យ 21ឆ្នាំសញ្ជាតិស៊ែបរូបនេះទទួលបានកិច្ចសន្យា 6ឆ្នាំបន្ទាប់ពីពិនិត្យសុខភាពជោគជ័យ។
ខណៈក្លិបទាំងពីរ Frankfurt និង Real Madrid ព្រមព្រៀងគ្នារក្សាមិនបញ្ចេញតំលៃនៃការផ្ទេរនេះ តែត្រូវបានសារព័ត៌មានអេស្ប៉ាញមួយចុះផ្សាយថា តំលៃនៃការផ្ទេរនេះក្នុងរង្វង់ 50លានផោន។ Luka Jovic ដំបូងជាកីឡាករខ្ចីជើងរយៈពេល 2រដូវកាលជាមួយ Frankfurt ពីក្លិបព័រទុយហ្កាល់ Benfica មុនពេលដែលទទួលបានកិច្ចសន្យាទិញផ្តាច់កាលពីខែមេសាកន្លងទៅ។ ទើបតែមានវ័យ 21ឆ្នាំក្តី Luka Jovic ធ្វើអោយក្លិបអាល្លឺម៉ង់ Frankfurt មានរដូវកាលអស្ចារ្យមួយ ក្រោយស៊ុតបញ្ចូលទីបាន 27គ្រាប់ និងបញ្ជូនបាល់ 7លើកជួយក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Europa League ដែលចាញ់ Chelsea ដោយបាល់ 11ម៉ែត្រកាត់សេចក្ដី។ កម្ពស់ 1.81ម៉ែត្រ Luka Jovic ត្រូវបានគេរំពឹងថា នឹងជាគូប្រជែងសំខាន់នៃតំណែងខ្សែប្រយុទ្ធកណ្ដាលរបស់ Karim Benzema៕
អត្ថបទ៖នាង សុភាវុធ
