ភ្នំពេញ៖ របាយការណ៍របស់គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងទូទាំងប្រទេសសម្រេចបានខ្ទង់ ២២ភាគរយហើយនៅត្រឹមថ្ងៃម្សិលមិញនេះ។
របាយការណ៍ដដែលនេះ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងទូទាំងប្រទេស បានផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានដល់ទៅជិត ២លាន ២០ម៉ឺននាក់ចាប់ពីថ្ងៃចាប់ផ្ដើមយុទ្ធនាការកាលពីថ្ងៃទី១០ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២០ ខែឧសភាម្សិលមិញនេះ។
របាយការណ៍នេះ បានឱ្យដឹងទៀតថា ដំណើរការចាក់វ៉ាក់សាំងនេះ សម្រេចបាន ២១.៩៩ភាគរយ នៃចំនួនពលរដ្ឋសរុប ១០លាននាក់ ដែលរាជរដ្ឋាភិបាលបានកំណត់ចាក់វ៉ាក់សាំងជូននៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។
បើតាមរបាយការណ៍ដដែលនេះ ប្រជាពលរដ្ឋដល់ទៅជិត ១លាន ៤០ម៉ឺននាក់ហើយបានទទួលវ៉ាក់សាំងទាំងពីរដូសរួចរាល់ហើយនៅអំឡុងរយៈពេល ១០០ថ្ងៃមកនេះ។
ក្នុងរយៈពេលនេះ ប្រជាពលរដ្ឋដល់ទៅជិត ២លាន ៣០ម៉ឺននាក់ បានស្ម័គ្រចិត្តដើម្បីចាក់វ៉ាក់សាំង ប៉ុន្តែ ប្រជាពលរដ្ឋជិត ៧ម៉ឺននាក់ មិនត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងទេដោយសារបញ្ហាសុខភាព៕