ឥណ្ឌា៖ ក្រុមអ្នកស្រុកជាពិសេសស្ត្រីមកពីសហគមន៍ជនជាតិភាគតិច ម៉ីតី បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅក្នុងស្រុក Bishnupur នៃរដ្ឋម៉ានីពួរ ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ (៣ សីហា) ។
កងកម្លាំងសន្តិសុខបានប្រើការបាញ់ផ្លោងបំពង់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្ស ខណៈដែលពួកគេត្រូវបានគេរាយការណ៍ថា បានព្យាយាមចូលទៅក្នុងកន្លែងមួយដែលកុលសម្ព័ន្ធ គូគី រៀបចំពិធីបុណ្យសពដ៏ធំមួយ សម្រាប់ជនរងគ្រោះនៃការប៉ះទង្គិចគ្នារវាងជនជាតិភាគតិច។ នៅព្រឹកថ្ងៃដដែលនោះ តុលាការក្នុងរដ្ឋបានបញ្ជាឱ្យពន្យារពេលការបញ្ចុះសពទៅរយៈពេលប្រាំពីរថ្ងៃបន្ទាប់។
ទន្ទឹមនឹងនេះដែរ យោងតាមរបាយការណ៍ មនុស្សយ៉ាងហោចណាស់១៧នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា ហើយការបន្ធូរបន្ថយបម្រាមគោចរត្រូវបានដកចេញពីផ្នែកខ្លះនៃរដ្ឋបន្ទាប់ពីព្រឹត្តិការណ៍នេះ។
រដ្ឋនេះបានក្លាយជានិមិត្តរូបនៃជម្លោះនិកាយដ៏សាហាវរវាងសហគមន៍ជនជាតិភាគតិច ម៉ីតី កុលសម្ព័ន្ធ គូគី ដែលបានសម្លាប់មនុស្សជាង១៨០នាក់ចាប់តាំងពីខែឧសភាមក៕

