អឺរ៉ុប៖ រលកកម្ដៅដែលហក់ឡើងក្នុងរង្វង់៤០អង្សាសេនៅអឺរ៉ុប កំពុងជំរុញការលក់ម៉ាស៊ីនត្រជាក់ ជាផលិតផលដែលប្រជាជនអឺរ៉ុបជាច្រើនមិនមាន ឬកម្រប្រើក្នុងរដូវក្តៅ។ យោងតាមសារព័ត៌មាន AP កាលពីថ្ងៃពុធបានឲ្យដឹងថា សីតុណ្ហភាពខ្ពស់មិនធម្មតាជាច្រើនឆ្នាំបានផ្លាស់ប្តូរម៉ាស៊ីនត្រជាក់ពីការបំពាក់ដើម្បីប្រណីតភាព ទៅជាតម្រូវការចាំបាច់នៅក្នុងផ្នែកជាច្រើននៃទ្វីបអឺរ៉ុប។
សូម្បីតែនៅប្រទេសបារាំង ជាទីដែលផ្ទះសម្បែង និងអគារលំនៅឋានភាគច្រើនមិនមានបំពាក់ម៉ាស៊ីនត្រជាក់ទាល់តែសោះនោះ ត្រូវបានគេមើលឃើញថា ម៉ាស៊ីនត្រជាក់ចំនួន១លានគ្រឿងត្រូវបានលក់កាលពីឆ្នាំមុន។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Ca' Foscari របស់ប្រទេសអ៊ីតាលីបានព្យាករណ៍ថា អត្រាជ្រៀតចូលម៉ាស៊ីនត្រជាក់តាមផ្ទះរបស់អេស្ប៉ាញនឹងឡើងដល់ ៥០% នៅឆ្នាំ២០៤០ ដោយកើនឡើងពីចំនួន ៥% កាលពីឆ្នាំ១៩៩០។
ដោយសារអាកាសធាតុធ្លាប់តែត្រជាក់ សូម្បីតែក្នុងរដូវក្តៅក៏ដោយ ក៏ភោជនីយដ្ឋាន និងរោងកុនជាច្រើននៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងលិចទំនងជាមិនសូវបើកម៉ាស៊ីនត្រជាក់ទេ។ លើសពីនេះ តម្លៃអគ្គិសនីគឺខ្ពស់ជាងនៅសហរដ្ឋអាមេរិក ហើយមនុស្សជាច្រើនចំណាយពេលវិស្សមកាលយូរនៅរដូវក្តៅ ដោយកាត់បន្ថយតម្រូវការម៉ាស៊ីនត្រជាក់។
បណ្តាប្រទេសនៅអ៊ឺរ៉ុប រួមទាំងប្រទេសអេស្បាញ ជាប្រពៃណីបានយកឈ្នះលើអាកាសធាតុក្ដៅដោយការសម្រាកមិនចេញទៅណា ក្នុងអំឡុងរយៈពេលក្តៅបំផុត។ ទោះជាយ៉ាងណាក៏ដោយ រលកកម្ដៅដ៏អាក្រក់បំផុតក្នុងរដូវក្តៅនេះ បានបង្ហាញថា វិធីសាស្រ្តទប់ទល់កម្ដៅទាំងនោះមិនមានប្រសិទ្ធភាពនោះទេ៕

