នីហ្សេ៖ ក្រុមអ្នកគាំទ្រយោធាប្រទេសនីហ្សេរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Niamey កាលពីថ្ងៃព្រហស្បតិ៍អរបអរសម្រាប់យោធា និងតវ៉ាប្រឆាំងការដាក់ទណ្ឌកម្មរបស់អាហ្វ្រិកខាងលិច។
ស្ត្រីម្នាក់និយាយថា ពលរដ្ឋនីហ្សេ មានសេរីភាពនៅថ្ងៃនេះ ជាថ្ងៃមួយដែលលោកស្រីនិយាយថាលោកស្រីមិនដែលឃើញនោះទេ។
ក្រុមអ្នកតវ៉ាមួយចំនួនទៀត បានរិះគន់ទណ្ឌកម្មដែលបានដាក់ដោយសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច ឬ ECOWAS។ ទណ្ឌកម្មត្រូវបានប្រកាសបន្ទាប់ពីប្រធានាធិបតី លោក Mohamed Bazoum ត្រូវបានផ្តួលរំលំកាលពីសប្តាហ៍មុន។ ឧត្តមសេនីយ៍ លោក Abdourahamane Tiani អតីតប្រធានកងអង្គរក្សប្រធានាធិបតីរបស់ប្រទេសនីហ្សេ ចាប់តាំងពីពេលនោះមកបានប្រកាសខ្លួនឯងជាប្រមុខរដ្ឋ។
ប្រមុខការពារជាតិប្រចាំតំបន់ កំពុងពិភាក្សាគ្នាអំពីការធ្វើអន្តរាគមន៍ដែលអាចកើតមានដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ នេះគឺជារដ្ឋប្រហារលើកទី៧ នៅប្រទេសអាហ្វ្រិកភាគកណ្តាលនិងភាគខាងលិច ចាប់តាំងពីឆ្នាំ២០២០ ហើយក្រោយមកកាលពីពេលថ្មីៗមានការដណ្តើមអំណាចដោយយោធានៅក្នុងប្រទេសម៉ាលី បួរគីណាហ្វាសូ និងប្រទេសហ្គីណេ។ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច និយាយថា រដ្ឋប្រហារនឹងលែងត្រូវបានអត់ឱនទៀតហើយនៅក្នុងតំបន់នេះ ហើយខ្លួនអាចអនុញ្ញាតឲ្យមានការប្រើប្រាស់កងកម្លាំងប្រសិនបើទាហានមិនឲ្យលោក Bazoum ចូលកាន់អំណាចវិញនោះទេនៅត្រឹមថ្ងៃអាទិត្យ។
ឧបទ្ទវហេតុហិង្សា នៅក្នុងប្រទេសនីហ្សេ បានធ្លាក់ចុះជិត៤០ភាគរយ នៅក្នុងឆមាសដំបូងនៃឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ៕

