ឈីលី៖ អគារថែទាំសុខភាពបឋម ព្រះវិហារ សាលារៀន មជ្ឈមណ្ឌលសហគមន៍មួយ និងយានយន្តជាច្រើនគ្រឿង ត្រូវបានឆេះបំផ្លាញនៅក្នុងការវាយប្រហារដោយចេតនាលួចដុតនៅក្នុងតំបន់ Araucania (អារ៉ូកានី) ដែលស្ថិតនៅដាច់ស្រយាលរបស់ប្រទេសឈីលី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថាអ្នកវាយប្រហារបានបន្សល់ទុកសារមួយនៅកន្លែងកើតហេតុ មុនពេលភៀសខ្លួនចេញពីតំបន់ ក្នុងពេលការបាញ់កាំភ្លើង។ គ្រូពេទ្យសង្គ្រោះបឋមម្នាក់ បានរងការរលាកស្រាល បន្ទាប់ពីលោកបានព្យាយាមពន្លត់អគ្គិភ័យ។
តំបន់ Araucania ខេត្តBiobio និងខេត្តArauco នៅក្នុងតំបន់ Biobio ស្ថិតនៅក្រោមច្បាប់រដ្ឋក្នុងគ្រាអាសន្នរយៈពេលជាង១ឆ្នាំមកនេះ។ នេះត្រូវបានរង្គោះរង្គើជាយូរមកហើយដោយការបញ្ឆេះជម្លោះរវាងជនជាតិដើមភាគតិច Mapuche(ម៉ាពូឆេ) និងរដ្ឋាភិបាលប្រទេសឈីលី។
ជនជាតិដើមភាគតិច Mapuche ប្រមាណ ១,៧ លាននាក់រស់នៅក្នុងប្រទេសឈីលី ភាគច្រើននៅក្នុងតំបន់ Araucania ជាតំបន់ព្រៃភ្នំភ្លើងដែលគ្របដណ្តប់ដោយព្រិល មានចម្ងាយ ៤០០ ម៉ាយ ភាគខាងត្បូងទីក្រុង Santiago របស់ប្រទេស។ តំបន់នេះមានអត្រានៃភាពក្រីក្រខ្ពស់ខ្លាំង។
សកម្មជនជនជាតិដើមភាគតិចនិយាយថា ដែនដីរបស់ពួកគេត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយវិស័យកសិកម្ម ព្រៃឈើ និងឧស្សាហកម្មផ្សេងទៀត និងបានបន្ទោសរដ្ឋចំពោះការមិនបានគាំទ្រសិទ្ធិជាប្រវត្តិសាស្ត្ររបស់ពួកគេ។

