ម៉ិកស៊ិក៖ មន្ត្រីរដ្ឋបាននិយាយថា យ៉ាងហោចណាស់មនុស្ស១៧នាក់បានស្លាប់ នៅក្នុងប្រទេសម៉ិកស៊ិកភាគខាងលិច នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានរេចេញពីផ្លូវហាយវ៉េធ្លាក់ចូលទៅក្នុងជ្រោះ កាលពីថ្ងៃព្រហស្បតិ៍។
មនុស្សពេញវ័យ១៤នាក់ និងកុមារ៣នាក់បានស្លាប់ ហើយអ្នកដំណើរ២២នាក់ផ្សេងទៀត បានរងរបួសប៉ុន្តែស្ថិតនៅក្នុងស្ថានភាពមានស្ថិរភាព។
ប្រភពព័ត៌មានមកពីការិយាល័យពន្លត់អគ្គិភ័យរដ្ឋ Nayarit បាននិយាយថា ពលរដ្ឋឥណ្ឌា៦នាក់ស្ថិតក្នុងចំណោមអ្នកដំណើរ៤០នាក់ ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Tijuana(ទីវ៉ាណា) ។
យោងតាមអាជ្ញាធរបានឲ្យដឹងថា ក្រុមអ្នកសង្គ្រោះ បានធ្វើការដើម្បីលើកសាកសពជនរងគ្រោះ ចេញពី រថយន្តក្រុងដែលបានធ្លាក់ទៅក្នុងជ្រោះមានជម្រៅប្រមាណ៥០ម៉ែត្រ។
អាជ្ញាធរនិយាយថា វានៅមិនទាន់ច្បាស់នៅឡើយនូវអ្វីដែលបានបណ្តាលឲ្យរថយន្តក្រុងនេះរេចង្កូតធ្លាក់ចេញពីផ្លូវ៕


