អាមេរិក៖ មន្ត្រីជាន់ខ្ពស់សេតវិមានបាននិយាយថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីខែមុនគឺត្រូវជំរុញឲ្យទីក្រុងព្យុងយ៉ាងលក់អាវុធទៅឲ្យទីក្រុងមូស្គូ។ លោក Shoigu បានដឹកនាំគណៈប្រតិភូរុស្ស៊ី ទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីប្រារព្ធខួបលើកទី៧០នៃបទឈប់បាញ់ក្នុងសង្គ្រាមកូរ៉េ។ លោកបានជួបសន្ទនាដាច់ដោយឡែកជាមួយសមភាគីកូរ៉េខាងជើងរបស់លោក លោក Kang Sun Nam និងមេដឹកនាំប្រទេសលោក Kim Jong Un។
និយាយទៅកាន់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បាននិយាយថារុស្ស៊ីកំពុងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសកូរ៉េខាងជើងតាមរយៈមធ្យោបាយបែបនេះ ខណៈទទួលបានគ្រាប់កាំភ្លើងធំពីទីក្រុងព្យុងយ៉ាង។ លោក Kirby និយាយថាអាមេរិក នៅតែមានការព្រួយបារម្ភថា ប្រទេសកូរ៉េខាងជើង បន្តសំឡឹងមើលការផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
លោកនិយាយថា កិច្ចព្រមព្រៀងអាវុធណាមួយ រវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី នឹងបំពានដោយផ្ទាល់លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្តបន្ទាប់។ លោក Kirby និយាយថា ជាលទ្ធផលដែលរងផលប៉ះពាល់ដោយទណ្ឌកម្ម និងការគ្រប់គ្រងការនាំចេញ ដែលត្រូវបានដាក់ដោយប្រទេសលោកខាងលិច ប្រទេសរុស្ស៊ីកំពុងងាកទៅរកប្រទេសនានាដូចជាប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់ ដើម្បីទទួលបានការគាំទ្រសម្រាប់សង្គ្រាម។
លោកនិយាយថា សហរដ្ឋអាមេរិក នឹងបន្តកំណត់អត្តសញ្ញាណ លាតត្រដាង និងប្រឆាំងកិច្ចប្រឹងប្រែងរបស់រុស្ស៊ីក្នុងការទទួលបានគ្រាប់រំសេវពីប្រទេសកូរ៉េខាងជើង និងរដ្ឋដ៏ទៃទៀត ដែលអាចត្រូវបានត្រៀមគាំទ្រសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន៕

