ភ្នំពេញ៖ រដ្ឋាភិបាលនៃសហព័ន្ធអាល្លឺម៉ង់ បានផ្ដល់នូវហិរញ្ញប្បទានឥតសំណង ចំនួន២លាន១សែន ដុល្លារអាមេរិកដល់ប្រទេសកម្ពុជា សម្រាប់អនុវត្តការងារបោសសម្អាត និងសកម្មភាពអប់រំ អំពីមីន នៅក្នុងខេត្តចំនួន៣ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស៊ីម៉ាក់ កាលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ បានឲ្យដឹងថា ការផ្ដល់ជំនួយនេះ នឹងធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការគម្រោងបោសសំអាតមីនមនុស្សធម៌នៅកម្ពុជា រវាងឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក Rune Kristian Dale-Andresen ប្រធានអង្គការជំនួយរបស់ប្រជាជនណ័រវេស (NPA) នៅសប្ដាហ៍ក្រោយ ។
សេចក្តីប្រកាសព័ត៌មាន បានបន្តថា ជំនួយរបស់អាល្លឺម៉ង់ ទាំងជាង២លានដុល្លារនេះ សម្រាប់អនុវត្តរយៈពេល ១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ ដែលស៊ីម៉ាក់អនុវត្តកិច្ចប្រតិបត្តិការបោសសំអាតមីនផ្ទៃដីចម្ការមីនទំហំប្រមាណ ១ ៦០០ហិកតា និងផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជនរងគ្រោះដោយសារមីន សម្រាប់បណ្ដាខេត្តទិសពាយ័ព្យ ក្នុងនោះមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។
សេចក្តីប្រកាសព័ត៌មានដដែល បន្ថែមថា គម្រោងនេះ ជាការរួមចំណែក ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន សំដៅសម្រេចឲ្យខានតែបាន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល “កម្ពុជាគ្មានមីនឆ្នាំ២០២៥” ។
យោងតាមរបាយការណ៍អាជ្ញាធរមីន បានឲ្យដឹងថា ការងារបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងរយៈពេលមួយឆមាស ឆ្នាំ២០២៣ នៅទូទាំងប្រទេស សម្រេចបានផ្ទៃដីសរុបប្រមាណជាង ២១៥គីឡូម៉ែត្រក្រឡា ។
សម្រាប់រាជធានីខេត្ត បានបោសសំអាតមីនរួចរាល់មានចំនួន១២ ក្នុងនោះគ្រោងដៃគូអភិវឌ្ឍន៍ មាននៅខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ។ ចំណែកគម្រោងសម្ដេចតេជោ មានខេត្តត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង តាកែវ និងខេត្តកពត ហើយផែនការឆ្នាំ២០២៣នេះ ខេត្តចំនួន៦ទៀត គ្រោងប្រកាសជាខេត្តអស់មីន ក្នុងនោះមានខេត្តកំពង់ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប មណ្ឌលគិរី និងខេត្តរតនគិរី ៕អត្ថបទ បាន សុខរិទ្ធិ



