ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ស្អែនេះ ក្រោយគ្មានបណ្ដឹងជំទាស់ណាមួយចំពោះលទ្ធផលបណ្ដោះអាសន្ន។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់ BTV នាថ្ងៃទី៤ ខែសីហា នេះថា បន្ទាប់ពីនីតិវិធីប្រកាសលទ្ធផលបណ្តោះអាសន្នបានបញ្ចប់ និងបានទុករយៈពេល ៧២ ម៉ោងនៃការដាក់ពាក្យបណ្តឹងជំទាស់ទៅនឹងលទ្ធបណ្តោះអាសន្ន ដោយការដាក់បណ្តឹងនោះអាចបញ្ជូនទៅ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញ។ ប៉ុន្ដែក្រោយរយៈពេល ៧២ ម៉ោងមកនេះ មិនមានគណបក្សនយោបាយណាបានដាក់ពាក្យបណ្តឹងជំទាស់នោះទេ ដូច្នេះលទ្ធផលផ្លូវការនឹងប្រកាសជាផ្លូវការនៅថ្ងៃស្អែកនេះតែម្ដង។
អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ក្នុងពេលប្រកាសលទ្ធផលផ្លូវការនៅថ្ងៃស្អែកនេះ គ.ជ.ប នឹងប្រកាសចំនួនអាសនៈតាមមណ្ឌលរាជធានី-ខេត្ត និងបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តផងដែរ។
ចំណែក ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អ្នកនាំអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងដែរថា លទ្ធផលផ្លូវការនៃការបោះឆ្នោតអាចប្រកាសបាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ តាមប្រតិទិនកំណត់របស់ គ.ជ.ប ដោយសារក្រុមប្រឹក្សាធម្មនុញ្ញ និងគ.ជ.ប ពុំបានទទួលបណ្តឹងណាមួយ បានប្ដឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនោះទេ៕អត្ថបទ សេក ឧត្តម


