ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ វត្តមានប្រជាពលរដ្ឋមានអាជីវកម្មខ្លួនឯង ក៏ដូចជាអ្នកប្រកបរបរ រត់ម៉ូតូកង់បី ម៉ូតូឌុបជាដើម បានទៅធ្វើបណ្ណ ប.ស.ស នៅទីតាំងស្នាក់ការបេឡាជាតិរបបសន្តិសុខសង្គម។
ការទៅធ្វើបណ្ណ ប.ស.ស គឺក្នុងគោលដៅសំខាន់ ដើម្បីទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ជាដៃគូ បេឡាជាតិរបបសន្តិសុខសង្គម។
បច្ចុប្បន្ន បុគ្គលស្វ័យនិយោជន៍ សំដៅលើប្រជាពលរដ្ឋធម្មតា មានមុខរបរជាអាជីវករ ជាអ្នករត់កង់បី ម៉ូតូឌុប និងអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ សុទ្ធតែអាចស្នើសុំធ្វើបណ្ណ ប.ស.ស ដោយខ្លួនឯង។ ការស្នើសុំធ្វើបណ្ណ ប.ស.ស នេះ គឺតម្រូវឱ្យ សាមីខ្លួនភ្ជាប់ជាមួយអត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ និងមានអាយុមិនលើសពី ៦០ឆ្នាំ។
ក្រោយមានការផ្តល់ឱកាសមួយនេះ មានប្រជាពលរដ្ឋជាច្រើន បានទៅស្នើសុំធ្វើបណ្ណ ប.ស.ស នេះ។ ជាក់ស្ដែងសម្រាប់ស្នាក់ការបេឡាជាតិរបបសន្តិសុខសង្គម ក្នុងខណ្ឌច្បារអំពៅ ជារៀងរាល់ថ្ងៃគឺមានអាជីវករ អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ជាច្រើន បានទៅស្នើសុំធ្វើបណ្ណ ប.ស.ស ជារៀងរាល់ថ្ងៃ។
ពួកគេបានលើកឡើងថា ការធ្វើបណ្ណ ប.ស.ស គឺមានសារៈប្រយោជន៍ធំធេងសម្រាប់ប្រជាពលរដ្ឋគ្រប់រូប អាចទទួលបានសេវាព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនជាដៃគូ ប.ស.ស ដោយមិនគិតថ្លៃ និងការទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត។ ក្នុងនាមជាបុគ្គលស្វ័យនិយោជន៍ ពួកគេក៏មើលឃើញដែរថា ការតម្រូវបង់ភាគទានប្រចាំខែ ក្នុងចំនួនទឹកប្រាក់ ១៥.៦០០រៀល គឺពិតជាចំនួនសមរម្យ ដែលមានការគិតគូរខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល។
ពាក់ព័ន្ធនឹងការធ្វើបណ្ណ ប.ស.ស សម្រាប់បុគ្គលស្វ័យនិយោជន៍នេះ លោក ជា ចិន្តា ប្រធានសាខាបេឡាជាតិរបបសន្តិសុខសង្គម ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ពន្យល់លម្អិតបន្ថែមថា អ្នកទទួលផលគឺទទួលបាន សេវាព្យាបាលដោយមិនគិតថ្លៃ និងទទួលបានប្រាក់បំណាច់មាតុភាពផងដែរសម្រាប់ស្រ្តីមានផ្ទៃពោះ។
ពាក់ព័ន្ធនឹងការផ្ដល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ជាអ្នកនាំពាក្យ បេឡាជាតិរបបសន្តិសុខសង្គម ធ្លាប់បានលើកឡើងថា នេះជាការងារពង្រីកសេវាគាំពារកាន់តែទូលំទូលាយបន្ថែមទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋប្រកបការងារ ឬមុខរបរផ្ទាល់ខ្លួន៕អត្ថបទ៖ គឹមហុក