ភ្នំពេញ៖ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានប្រកាសបើកកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូណេស៊ី លើកទី១៤ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈកិច្ចសហប្រតិបត្តិការ» ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែសីហា ឆ្នាំ២០២៣ នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដើម្បីជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូនេស៊ី។
ពិធីបើកផ្លូវការនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោកជំទាវ Lauti Nia Astri ភារធារីស្តីទី អមស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។
ឯកឧត្តម ឈួន ដារ៉ា ថ្លែងថា ទំនាក់ទំនងការទូតរវាងប្រទេស កម្ពុជា-ឥណ្ឌូនេស៊ី មានរយៈពេល ៦៤ ឆ្នាំហើយដោយបានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានក្លាយទៅជាមិត្តភាពមិនអាចកាត់ផ្តាច់បាន ក្នុងការរួមគ្នាកសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។
ឯកឧត្តមបន្តថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី លើកទី១៤នេះ គឺមានសារៈសំខាន់ណាស់ក្នុងការជំរុញ និងលើកកម្ពស់គុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យក្លាយជាមិត្តភាពដ៏រឹងមាំ និងស៊ីជម្រៅជាងមុនជាលំដាប់។
លោកជំទាវ Lauti Nia Astri ភារធារីស្តីទី អមស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនដែលចុះឈ្មោះចូលរួមបង្ហាញផលិតផលក្នុងកម្មវិធីពិព័រណ៍នេះមានចំនួនជិត ៥០ក្រុមហ៊ុន ក្នុងនោះមាន វិស័យម្ហូបអាហារ សម្លៀកបំពាក់ និងសេវាកម្មទេសចរណ៍ជាដើម។ លោកជំទាវ បានបន្តថា ព្រឹត្តិការណ៍នេះ នឹងបង្កើតឱកាសបណ្តាញសម្រាប់ភ្នាក់ងារទេសចរណ៍ក្នុងការកសាងទំនាក់ទំនងអាជីវកម្មរបស់ពួកគេក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំងពីរផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម គិតមកត្រឹមខែមេសា ដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ី មានចំនួនជិត ៤០០ លានដុល្លារ កើនឡើង ២៧% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលក្នុងនោះឥណ្ឌូនេស៊ីនាំចេញកើនឡើង ៦១% និងកម្ពុជានាំចូលកើនឡើង ២៦%៕អត្ថបទ ឈិត បូរ៉ាវី









