ចិន៖ ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍នៅថ្ងៃសុក្រនេះថា ប្រជាពលរដ្ឋរស់នៅតំបន់ភាគខាងជើងប្រទេសចិនដែលញាំញីដោយសារតែទឹកជំនន់ បានឡើងជិះទូកសង្រ្គោះបន្ទាន់ដើម្បីជម្លៀសខ្លួន ស្របពេលដែលក្រុមការងារ កំពុងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ។
រូបភាពវីដេអូឃ្លីបពីទូរទស្សន៍ CCTVឃើញ ក្រុមអ្នកជម្លៀសចុះពីអគារជន់លិច រួចឡើងជិះទូកសង្រ្គោះបន្ទាន់នៅទីក្រុងជូចូវ ខេត្តហ៊ើប៉ី ។
មន្រ្តីមួយរូបរបស់នាយកដ្ឋានធនធានទឹក បាននិយាយប្រាប់សារព័ត៌មានរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់អាចចំណាយពេល១ខែទើបបានស្រកទៅវិញនៅខេត្តហ៊ើប៉ី ជាកន្លែងដែលទីក្រុងជូចូវ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។
មកទល់នឹងពេលនេះ ប្រជាពលរដ្ឋប្រហែល ១០ម៉ឺននាក់ នៅក្នុងទីក្រុងស្ថិតនៅភាគខាងត្បូងរដ្ឋធានីប៉េកាំងមួយនេះ ត្រូវបានជម្លៀសខ្លួន ។
ដោយឡែក រូបភាពវីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាពដែលបានចែករំលែកនៅលើបណ្តាញព័ត៌មានសង្គម ឃើញរថយន្តមួយគ្រឿងបើកចេញពីផ្លូវបាក់ ហើយធ្លាក់ចុះរណ្តៅខាងក្រោម ស្ថិតនៅខេត្តហីឡុងជាំង ស្របពេលដែលក្រុមអាជ្ញាធរព្រមានពីអាកាសធាតុធ្ងន់ធ្ងរសល់ពីចំហាយព្យុះទីហ្វុង Doksuri ។
អ្នកដំណើរឆ្លងកាត់ បានព្យាយាមជួយសង្រ្គោះមនុស្សដែលជាប់ក្នុងរថយន្ត ហើយរថយន្តមួយគ្រឿងទៀត បានធ្លាក់ក្នុងរណ្តៅផងដែរ ។
សូមបញ្ជាក់ថា មនុស្សយ៉ាងហោច ២០នាក់ ត្រូវបានគេរាយការណ៍ស្លាប់នៅតំបន់ភាគខាងជើងប្រទេសចិន ចាប់តាំងពីទឹកជំនន់ចាប់ផ្តើម ៕

