អាមេរិក៖ សហរដ្ឋអាមេរិក បានថ្កោលទោសការដកខ្លួនរបស់រុស្ស៊ី ចេញពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីកំពុងផែសមុទ្រខ្មៅ ដែលបានចាត់ទុកចំណាត់ការនេះជាការវាយប្រហារលើប្រព័ន្ធស្បៀងអាហារសកល។
សហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សាដេញបើកចំហរមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សា ពីអសន្តិសុខស្បៀង និងគ្រោះទុរ្ភិក្សជំរុញដោយជម្លោះ។ ប្រទេសនេះបានកាន់តួនាទីជាប្រធានក្រុមប្រឹក្សានៅខែសីហានេះ។
ទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍ប្រធានាធិបតីថា ថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់គ្រោះទុរ្ភិក្សជាវិធីសាស្ត្រនៃសង្គ្រាម ដោយមិនបានអធិប្បាយអំពីប្រទេសឬតំបន់ច្បាស់លាស់នោះទេ។
អំឡុងពេលនៃការជជែកដេញដោល ប្រទេសជាច្រើន បានរិះគន់រុស្ស៊ីសម្រាប់ការផ្អាកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានរិះគន់ខ្លាំងចំពោះទីក្រុងមូស្គូ សម្រាប់ការបំផ្ទុះគ្រាប់បែកនៅទីតាំងជង្រុករបស់អ៊ុយក្រែន ដាក់គ្រាប់មីននៅច្រកចូលកំពង់ផែ និងគំរាមវាយប្រហារនាវាណាមួយនៅសមុទ្រខ្មៅ បន្ទាប់ពីមានការផ្អាកកិច្ចព្រមព្រៀង។
លោកនិយាយថា យើងត្រូវតែដោះស្រាយសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងលទ្ធផលនៃការវាយប្រហារលើប្រព័ន្ធស្បៀងអាហារសកល។ អ្នកតំណាងអចិន្ត្រៃយ៍រងទី១ប្រចាំអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Dmitry Polyanskiy បានវាយបកថា មានស្បៀងអាហារគ្រប់គ្រាន់នៅលើពិភពលោក។ លោកនិយាយថា បញ្ហានោះគឺថាវាត្រូវបានបែងចែកដោយមិនស្មើភាពគ្នា៕


