ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាឆក់សកម្មក្នុងរាជធានីភ្នំពេញ ធ្វើសកម្មភាពឆក់កាបូបជនបរទេស បានប្រាក់ជាង២០ម៉ឺនដុល្លារ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមស្រាវជ្រាវបង្ក្រាប ត្រូវបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ស្វាយ រិទ្ធី ហៅ(ប៊យ) អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ទី២.ឈ្មោះ ជុំ ស៊ីដែន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចផ្លូវជាតិ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ជនដៃដល់និងធ្លាប់ជាប់ពន្ធនាគារ)។ ចំណែកជនរងគ្រោះឈ្មោះ WONG KIN WAH ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។
គួររំលឹកផងដែរ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ៣០នាទី ជនរងគ្រោះបានចេញពីធនាគារABA ផ្លូវត្រសក់ផ្អែម ជិះម៉ូតូកង់បី (PASSAPP) ក្នុងគោលបំណងទៅធនាគារ ហួយវ័ន នៅផ្លូវនរោត្តម ដោយ បានដាក់កាបូបស្ពាយ ពីមុខខ្លួន ដោយពាក់ ខ្សែរកាបូបលើស្មាខាងស្តាំ លុះមកដល់ចំណុចមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ក៏ស្រាប់តែមានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូចំនួន ០២ គ្រឿង ម៉ាក ហុងដា ឃ្លីក សេរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ូតូម៉ាក និច (NEX) ឆ្នាំ២០២០ ពណ៌ ទឹកប្រាក់ គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់យកកាបូប បានសម្រេច រួចជនសង្ស័យទាំងពីរក៏បានបើកម៉ូតូគេចចេញពីកន្លែងកើតហេតុតែម្តង ៕
អត្ថបទ ៖ កុម្ភះ

