អាមេរិក៖ អ្នកយុទ្ធសាស្រ្តទីផ្សាររបស់សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភអំពីកំណើនហានិភ័យនៃវដ្តៈដ៏លំបាកនៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដោយសារតែការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។ ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីការសម្រេច ដោយទីភ្នាក់ងារវាយតម្លៃឥណទាន Fitch កាលពីថ្ងៃអង្គារ ក្នុងការកាត់បន្ទាបចំណាត់ថ្នាក់ឥណទានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បាននិយាយថា លោកស្រីមិនយល់ស្របយ៉ាងទាល់តែសោះចំពោះការទម្លាក់ចំណាត់ថ្នាក់ ដោយហៅរឿងនេះថាជាការបំពាន និងផ្អែកលើទិន្នន័យហួសសម័យ។ លោក Matt Maley ប្រធានអ្នកយុទ្ធសាស្រ្តទីផ្សារនៃក្រុមហ៊ុនវិនិយោគ Miller Tabak and Company បានពិភាក្សាអំពីកត្តាដែលអាចចូលទៅក្នុងការសម្រេចរបស់ទីភ្នាក់ងារ Fitch រួមទាំងអ្វីដែលលោកបានហៅថា លទ្ធភាពនៃវដ្តៈឡើងចុះដ៏លំបាកនាពេលខាងមុខ។
សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ Fitch បានអះអាងថា សហរដ្ឋអាមេរិកបានជួបប្រទះនឹងការធ្លាក់ចុះជាលំដាប់នៃស្តង់ដារអភិបាលកិច្ចក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ រួមទាំងលើបញ្ហាសារពើពន្ធ និងបំណុល បើទោះបីជាកិច្ចព្រមព្រៀងទ្វេភាគីខែមិថុនា ដើម្បីផ្អាកដែនកំណត់បំណុលរហូតដល់ខែមករា ឆ្នាំ២០២៥ក៏ដោយ។
ទោះជាយ៉ាងនេះក្តី បញ្ហាប្រឈមភ្លាមៗនេះអាចមកពីការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់របស់ធនាគារ Fed នេះបើយោងតាមលោក Maley។ បន្ទាប់ពីការផ្អាកនៅក្នុងខែមិថុនា ធនាគារ Fed កាលពីថ្ងៃពុធ (២ សីហា) បានបង្កើនអត្រាការប្រាក់ចំនួន០,២៥% ដោយធ្វើឲ្យការចំណាយលើខ្ចីប្រាក់គោលឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ៕


