ភ្នំពេញ៖ មន្ត្រីពន្ធនាគារព្រៃស បានបញ្ជាក់ពីការរកឃើញជនជាប់ឃុំ ១៨នាក់ឆ្លងមេរោគកូវីដ-១៩ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។
ក្នុងលិខិតជម្រាបទៅប្រធានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញនេះ ប្រធានមណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស លោក យិន គន្ធ បានបញ្ជាក់ថា មានជនជាប់ឃុំចំនួន ១៨នាក់ហើយ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ និងកំពុងដាក់ឱ្យស្ថិតក្រោមការអនុវត្តវិធានការចត្តាឡីស័ក ឬនៅដាច់ដោយឡែក។
មន្ត្រីពន្ធនាគាររូបនេះ បានស្នើទៅសាលាដំបូងរាជធានីភ្នំពេញ ឱ្យផ្អាកជាបណ្ដោះអាសន្នការនាំជនជាប់ឃុំទៅជំនុំជម្រះ ឬសាកសួរចាប់ពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីរកឃើញផ្ទុះការឆ្លងមេរោគកូវីដ-១៩នៅក្នុងមណ្ឌលអប់រំកែប្រែបែបនេះ៕
