ចិន៖ ចាប់ពីការដោះស្រាយទឹកទន្លេឡើងដ៏គ្រោះថ្នាក់ រហូតដល់ជួយអ្នកស្រុកជាប់ខ្លួននៅតាមទីក្រុងរងការជន់លិច ប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយចិន ត្រូវបានដាក់ឲ្យធ្វើតេស្ត ក្រោយព្យុះមួយក្នុងចំណោមព្យុះដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ នាំមកនូវភ្លៀងធ្លាក់ច្រើនបំផុតដែលអាចចំណាយពេលច្រើនសប្តាហ៍ ទើបអាចស្រកទៅវិញបាន ។
មន្រ្តីមួយរូបមកពីនាយកដ្ឋានធនធានទឹក និយាយប្រាប់សារព័ត៌មានរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់អាចចំណាយពេល១ខែ ទើបស្រកទៅវិញនៅខេត្តហ៊ើប៉ី ជាកន្លែងដែលទីក្រុងជូចូវ រងផលប៉ះពាល់ខ្លាំងជាងគេបំផុត ។
រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ឃើញក្រុមការងារសង្រ្គោះបន្ទាន់នៅលើទូកតូចៗ កំពុងជួយសង្រ្គោះប្រជាពលរដ្ឋនៅតាមតំបន់រងការជន់លិច ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានពីទីតាំងនៃរូបភាពវីដេអូឃ្លីបនេះ ថាជាទីក្រុងជូចូវ ដោយសារតែអគារនៅក្បែរនោះ ដោយផ្គូផ្គងជាមួយរូបភាពផ្កាយរណប រូបភាពវីដេអូឃ្លីបឯកសារ ហើយនិងផែនទីផ្លូវនៅតំបន់នោះ ។
ក្រុមអាជ្ញាធរក្នុងស្រុក បានបង្ហោះសេចក្តីថ្លែងការណ៍នៅលើបណ្តាញព័ត៌មានសង្គម Wechatថា ចាប់ពីវេលាម៉ោង ៨ព្រឹកម៉ោងក្នុងស្រុក ថ្ងៃទី ២៩ ខែកក្កដា រហូតដល់ដល់ម៉ោង ១១ព្រឹក ថ្ងៃទី ១ ខែសីហា ទីក្រុងជូចូវ មានភ្លៀងធ្លាក់ខ្លាំង ។ ទឹកភ្លៀងជាមធ្យមមានកម្ពស់ ៣៥៥មីលីម៉ែត្រ ។
សារព័ត៌មានរដ្ឋ បានរាយការណ៍ផងដែរថា ក្រុមជួយសង្រ្គោះមកពីទូទាំងប្រទេសចិន បានជួយដល់ទីក្រុងជូចូវ ប៉ុន្តែក្រុមជួយសង្រ្គោះមួយចំនួនទៀត ពុំទាន់ទទួលបានការយល់ព្រមដែលពួកគេត្រូវការពីក្រុមមន្រ្តីនោះទេ ដើម្បីប្រតិប្តិការលើគោក ៕




