ឆាដ៖ ជនភៀសខ្លួនស៊ូដង់ដែលកំពុងរស់នៅក្នុងជំរំនៅទីក្រុង Adre ប្រទេសឆាដ បានបើកមុខរបរខ្នាតតូចនៅក្នុងសំពត់តង់បណ្តោះអាសន្នរបស់ពួកគេ ដើម្បផ្តល់សេវាកម្មដល់មនុស្សរាប់ពាន់នាក់ ដែលបានរត់ភៀសខ្លួនពីអំពើហិង្សានៅក្នុងប្រទេសកំណើតរបស់ពួកគេ ។
សេវាកម្មទាំងនេះ រួមមានទាំងរោងម៉ាស៊ីនកិនពោត ជាងកាត់ដេរ ជាងកាត់សក់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលប្រើប្រាស់ដើម្បីផ្គត់ផ្គង់ចរន្តងអគ្គិសនីដែលត្រូវការច្រើន ល្មមគ្រប់គ្រាន់សម្រាប់ឲ្យជនភៀសខ្លួនសាកថ្មទូរស័ព្ទដៃរបស់ពួកគេ ។
អ្នកខ្លះ មានប្រាក់បង់ថ្លៃសេវាកម្មទាំងនេះ ស្របពេលដែលអ្នកខ្លះទៀត គ្មានលុយតែយករបស់មកដោះដូរគ្នាវិញ ។
មនុស្សមួយចំនួន បានប្រកបមុខរបរជាក់ស្តែងរបស់ពួកគេ ខណៈដែលមនុស្សខ្លះទៀតរៀនជំនាញនៅក្នុងជំរំដើម្បីផ្តល់ជំនាញសម្រាប់គ្រួសាររបស់ពួកគេ ។
លោក Adam គឺជាជនភៀសខ្លួនស៊ូដង់ និងជាម្ចាស់រោងម៉ាស៊ីនកិនពោត និយាយថា មនុស្សនៅទីនេះ ពួកគេគ្មានប្រាក់នោះទេ ហើយពួកយើងធ្វើការតាមរយៈការដោះដូរគ្នា ។ ពេលដែលពួកគេយកពោតមកឲ្យពួកយើងកិន ពួកយើងក៏យកទុកខ្លះ ។
លោកបន្តថា អ្នកដែលមានប្រាក់ ពួកយើងយកប្រាក់ពីពួកគេ ហើយអ្នកដែលគ្មានប្រាក់ ពួកយើងដោះដូររបស់ សម្រាប់ពួកគេ ។
ដោយឡែក លោក Abdullahដែលជាជនភៀសខ្លួនមួយរូបទៀត និងជាជាងកាត់ដេរនៅក្នុងជំរំ និយាយថា បើសិនជាទីភ្នាក់ងារជំនួយគាំទ្រដល់ពួកយើង ពួកយើងនឹងអាចបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់កុមារ នាំចូលកំណាត់ ហើយនិងពង្រីកជាងកាត់ដេរឲ្យកាន់តែធំជាងនេះ ។
សូមបញ្ជាក់ថា ពលរដ្ឋស៊ូដង់រាប់ម៉ឺននាក់ បានរត់ភៀសខ្លួនមកកាន់ប្រទេសឆាដ ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីរយៈពេលជាង ៣ខែមុន ៕


