ស៊ូដង់៖ ក្រុមសិទ្ធិមនុស្សរបស់ក្រុមលើកលែងទោសអន្តរជាតិ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ ត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសស៊ូដង់ ក្នុងនោះជនស៊ីវិលត្រូវបានសម្លាប់ ទាំងក្នុងការវាយប្រហារដោយចេតនា និងការវាយប្រហារដោយរើសអើងជាតិសាសន៍ ។
ពួកគេបានរកឃើញថា ផ្ទះសម្បែង មន្ទីរពេទ្យ ហើយសូម្បីតែផ្ទះសុវត្ថិភាព ក៏បានរងការវាយប្រហារសម្លាប់ដោយឥតញញើតដៃដែរ នៅក្នុងសង្រ្គាមកំពុងបន្តនេះ ។
ក្រុមអ្នកស្រាវជ្រាវនៅស៊ូដង់របស់ពួកគេ និយាយថា ស្រ្តី និងក្មេងស្រីជាច្រើន បានក្លាយជាកម្មវត្ថុនៃអំពើហិង្សាផ្លូវភេទដោយសមាជិកភាគីបង្កសង្រ្គាមទាំង ២ ។
ពួកគេបានចងក្រងឯកសារករណីដែលក្មេងស្រីមានវ័យត្រឹម ១២ឆ្នាំ ត្រូវបានគេចាប់រំលោភនៅទីក្រុង Darfur និងទីក្រុង Khartoum ហើយពួកគេបានអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងភ្នាក់ងារក្នុងតំបន់ជាច្រើនទៀត មេត្តានាំខ្លួនជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋយកមកកាត់ទោស ។
វាមានរយៈពេលជាង ៣ខែមកហើយ ចាប់តាំងពីជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស( RSF) បានផ្ទុះឡើង ស្របពេលដែលមានជម្លោះជុំវិញផែនការគាំទ្រដោយអន្តរជាតិ សម្រាប់ការផ្លាស់ប្តូរទៅគ្រប់គ្រងស៊ីបែបវិលវិញ ជាហេតុនាំឲ្យមានការជម្លៀសខ្លួនមនុស្សជាង ៣លាននាក់ នៅក្នុងប្រទេសស៊ូដង់ និងមនុស្សជាង ៩០ម៉ឺននាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញទៅកាន់ប្រទេសជិតខាង ។
លោក Sarah Jackson គឺជាអនុប្រធានយុទ្ធនាការក្រុមលើកលែងទោសអន្តរជាតិនៅតំបន់ភាគខាងកើតនិងភាគខាងត្បូងអាហ្វ្រិក បាននិយាយថា ជម្លោះនៅស៊ូដង់ មិនត្រូវបានគេចាប់អារម្មណ៍ដូចជាសង្រ្គាមនៅអ៊ុយក្រែននោះទេ ពីព្រោះថាការឆ្លើយតបមនុស្សធម៌មិនមែនជាជាកម្រិតតែមួយ ឬឆន្ទៈរបស់ប្រទេស ចង់ទទួលយកពលរដ្ឋស៊ូដង់ដែលរត់ភៀសខ្លួន ៕

