អឺរ៉ុប៖ អ្នកឃ្លាំមើលអាកាសធាតុរបស់សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) បាននិយាយថា ចំហេះព្រៃដ៏ធំ នៅប្រទេសកាណាដា បានបញ្ចេញផ្សែង ២ដងច្រើនជាងកំណត់ត្រាពេញមួយឆ្នាំមុន ដោយរំពឹងថា ការឆេះនឹងបន្តដុតពេញទាំងព្រៃ ក្នុងរយៈជាច្រើនសប្តាហ៍ ឬជាច្រើនខែ។
ចំហេះព្រៃដ៏មហន្តរាយ បានឆាបឆេះលើផ្ទៃដីប្រមាណ ១២លានហិកតា មកទល់ពេលនេះ នៅឆ្នាំនេះ ពោលគឺបានដុតបំផ្លាញផ្ទៃដី ដែលធំជាងទំហំផ្ទៃប្រទេសគុយបា ឬកូរ៉េខាងត្បូងទៅទៀត។
សំណុំផ្សែងហុយដ៏ក្រាស់ឃ្មឹក បានធ្វើឲ្យមានសភាពថប់ខ្យល់ ក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកដែលនៅជិតខាង ដោយប៉ះពាល់ដល់មនុស្សជាង ១០០លាននាក់ ហើយជួនកាលរំខានដល់ជើងហោះហើរ និងបង្ខំឲ្យលុបចោលព្រឹត្តិការណ៍ ដែលរៀបចំ នៅទីវាលទៀតផង។
សេវាកម្មត្រួតពិនិត្យបរិយាកាស CAMS របស់អឺរ៉ុប បាននិយាយថា អង្គភាពបានតាមដានការឆេះនេះ ចាប់តាំងពីរដូវ បានចាប់ផ្តើមនៅដើមខែឧសភា ខណៈភ្លើងបានឆាបឆេះពាសពេញតំបន់ធំៗនៃប្រទេស។
គិតត្រឹមដំណាច់ខែកក្កដា អង្គភាព បាននិយាយថា ការបំភាយកាបូនសរុប តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ បានកើនឡើងដល់ទ្វេដងពីការបង្កកង្វក់នៃការសាយភាយផ្សែងពេញឆ្នាំ២០១៤ ដែលជាកំណត់ត្រាឆ្នាំមុនៗ។
អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់ CAMS លោក Mark Parrington បាននិយាយថា៖ «ការបំភាយពីចំហេះ បាន«បន្តកើនឡើងជាលំដាប់ស្ទើរតែដល់កម្រិតមួយ ដែលខ្ពស់ជាងរួចហើយពីការបំភាយនៃការឆេះសរុបប្រចាំឆ្នាំមុនៗ សម្រាប់ប្រទេសកាណាដា នៅក្នុងសំណុំទិន្នន័យរបស់យើង»៕

