ភ្នំពេញ ៖សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់ក្រុមប្រឆាំងគ្មានឥទ្ធិពលចំពោះគណបក្សប្រជាជនកម្ពុជា តែផ្ទុយទៅវិញគណបក្សប្រជាជនកម្ពុជានៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។
សម្តេចក្រឡាហោម ស ខេង តាមរយៈសារផ្ញើជូនដល់ជនរួមជាតិនាថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣នេះ បានសរសេរថា ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានកើតឡើងតាំងពីអតីតកាល ពោលគឺកើតឡើងតាំងពីគណបក្សនយោបាយខ្លះពុំទាន់បានចាប់កំណើតផង រហូតដល់មានគណបក្សខ្លះបានត្រូវរលំរលាយបែកបាក់ខ្ចាត់ខ្ចាយ ក៏ពួកគេនៅតែធ្វើនយោបាយដ៏ឆោតល្ងង់ មានឧបាយកលទុច្ចរិតនេះដដែល។
សម្តេចក្រឡាហោមបន្តថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្រ្តនៃបេសកម្មរបស់ខ្លួន គ្រប់កាលៈទេសៈ គឺសុទ្ធតែមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទៅដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍បញ្ជាក់រួចហើយកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ម្សិលម៉ិញនេះ។
សម្ដេចក្រឡាហោមគូសបញ្ជាក់ជំហរដ៏មុតមាំរបស់សម្ដេចជូនជនរួមជាតិថា សម្ដេចតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត។ ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត សម្ដេចក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។
សម្ដេចក៏នឹងបន្តគាំទ្រ និងជួយទំនុកបម្រុងឲ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបានបំពេញភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យតាមគោលការណ៍ទាំងឡាយដែលសម្រេចដោយសន្និបាតគណបក្សប្រជាជនកម្ពុជាផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

