ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញមនុស្សដល់ទៅ ៤៦០នាក់ទៀត បានឆ្លងមេរោគកូវីដ-១៩ ខណៈអ្នកជំងឺ ៨២៤នាក់ទៀត ក៏ត្រូវបានព្យាបាលជាសះស្បើយផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីឆ្លងថ្មីដល់ទៅ ៤៥៥នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយករណីឆ្លង ១៥នាក់ទៀត គឺជាករណីនាំចូល។
បើតាមក្រសួងសុខាភិបាល កម្ពុជាបានរកឃើញមនុស្សដល់ទៅ ២៤ ១៥៧នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសគិតចាប់តាំងចុងខែមករា ឆ្នាំ២០២០មក។
ក្រសួងសុខាភិបាល បានឱ្យដឹងផងដែរថា មនុស្ស ១នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ១៦៥នាក់ហើយនៅក្នុងរយៈពេល ៦៩ថ្ងៃចុងក្រោយមកនេះ។
ក្រសួងសុខាភិបាលក៏បានឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩សរុប ១៦ ៥២៤នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ៨២៤នាក់ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕
