
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានទៅពិនិត្យទីបញ្ជាការសមរភូមិមុខនៃមជ្ឈមណ្ឌលក្រុមកងទ័ពដែលជាប់ទាក់ទងទៅនឹងជម្លោះអ៊ុយក្រែន។
សារព័ត៌មាន Interfax បានរាយការណ៍ថា លោក Shoigu ត្រូវបានរាយការណ៍សង្ខេបដោយមេបញ្ជាការក្រុម និងបានអរគុណដល់មន្ត្រីនិងកងទ័ពសម្រាប់ការធ្វើប្រតិបត្តិការដោយជោគជ័យ នៅជិតទីក្រុង Lyman។
លោកត្រូវបានគេបង្ហាញរថយន្តប្រយុទ្ធកងទ័ពជើងគោក CV-90 របស់ស៊ុយអែត ដែលត្រូវបានបោះបង់ចោលដោយការប្រព្រឹត្តរបស់ទាហានអ៊ុយក្រែន បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់បែកប្រឆាំងរថក្រោះគប់ដោយដៃ។
របាយការណ៍នេះស្របទៅនឹងកិច្ចប្រឹងប្រែងរបស់រុស្ស៊ីដើម្បីនិយាយសម្រាលពីប្រសិទ្ធភាពអាវុធ និងយុទ្ធោបករណ៍ដែលសមាជិកសម្ព័ន្ធយោធាណាតូ និងបណ្តាប្រទេសលោកខាងលិចដ៍ទៃទៀតបានផ្គត់ផ្គង់ដល់អ៊ុយក្រែន។
ដំណើរទស្សនកិច្ចរបស់លោក Shoigu ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់សមរភូមិមុខរបស់ ឧត្តមសនីយ៍ Valery Gerasimov នាយសេនាធិការ និងជាមេបញ្ជាការកិច្ចប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ អ្នកទាំងពីរនេះ ត្រូវបានរងការវាយប្រហារយ៉ាងខ្លាំងដោយមេដឹកនាំក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ដែលបានចោទពួកគេដដែលៗពីភាពអសមត្ថភាព និងភាពសោះអង្គើយ មុនពេលចាប់ផ្តើមការប៉ះបោរយៈពេលខ្លីប្រឆាំងស្ថាប័នការពារជាតិ កាលពីខែមិថុនា។