
ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងម៉ារីនដែលយាមស្ថានទូតអាមេរិក ក្នុងប្រទេសនីហ្សេ នឹងបន្តស្នាក់នៅ ចំពេលមានការជម្លៀសមួយផ្នែកនៃបុគ្គលិកស្ថានទូតដែលមិនស្ថិតក្នុងភាពអាសន្ន បន្ទាប់ពីការគ្រប់គ្រងដោយយោធានៃរដ្ឋាភិបាលរបស់ប្រទេសនោះ កាលពីសប្តាហ៍មុន។
ក្រសួងការបរទេសអាមេរិក កាលពីល្ងាចថ្ងៃពុធ បានឲ្យដឹងថា បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក និងសមាជិកគ្រួសារ ដែលមានសិទ្ធិទាំងអស់ ត្រូវបានបញ្ជាឲ្យចាកចេញពីស្ថានទូតនៅក្នុងរដ្ឋធានីនីញ៉ាម៉េ (Niamey) ។
អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់សារព័ត៌មានThe Hill ថា កងសន្តិសុខម៉ារីនរបស់ស្ថានទូត«នឹងបន្តនៅនៅទីនោះ ដោយធ្វើការជាមួយសេវាសន្តិសុខការទូត ដើម្បីជួយបំពេញភារកិច្ចសន្តិសុខរបស់ស្ថានទូត» ដោយសារស្ថានទូតនេះ នឹងនៅតែបើកសម្រាប់សេវាសង្គ្រោះបន្ទាន់មានកំណត់សម្រាប់ពលរដ្ឋអាមេរិក។
ស្របពេលជាមួយគ្នានេះដែរ មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មិនមានការផ្លាស់ប្តូរ” ចំពោះឥរិយាបថរបស់កងកម្លាំងយោធានៅក្នុងប្រទេសអាហ្វ្រិកខាងលិច ដែលក្រុមមេដឹកនាំយោធាគាំទ្រលោក ឧត្តមសេនីយ៍ Abdourahmane Tchiani កាលពីសប្តាហ៍មុន បានគ្រប់គ្រងរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ហើយបានចាប់ខ្លួនប្រធានាធិបតីនីហ្សេ លោក មូហាម៉េដ បាហ្ស៊ូម (Mohamed Bazoum) ដោយប្រកាសថា លោក Tchiani ជាប្រមុខរដ្ឋ។