
ក្រុមបុរាណវិទូនៅប្រទេសស៊ែរប៊ី កំពុងដុសដីខ្សាច់ និងដីយ៉ាងប្រុងប្រយ័ត្នឈើបុរាណរបស់នាវារ៉ូម៉ាំង ដែលត្រូវបានរកឃើញដោយក្រុមកម្មករជីករ៉ែ នៅកន្លែងយកធ្យូងថ្មបើកចំហដ៏ធំមួយ ។ វាគឺជានាវាបុរាណរ៉ូម៉ាំងតាំងពីសតវត្សរ៍ទី ៣ ឬទី ៤មុនគ.ស ។
ក្រោយកំណាយប្រវត្តិសាស្រ្តនៅអណ្តូងរ៉ែធ្យូងថ្មី Drmnoរកឃើញឈើបុរាណមួយចំនួន ក្រុមអ្នកជំនាញមកពីអតីតទីក្រុងរ៉ូម៉ាំង Viminaciumបានប្រញាប់ប្រញាល់អភិរក្សគ្រោងឆ្អឹងនាវាមួយនេះ ដែលជារបកគំហើញលើកទី ២នៅតំបន់នោះ ចាប់តាំងពីឆ្នាំ ២០២០ ។
នាវានេះ ប្រហែលជាផ្នែកមួយនៃកងនាវាទន្លេបម្រើឲ្យទីក្រុងរ៉ូម៉ាំង ដែលមានមនុស្សរស់នៅ ៤៥.០០០នាក់ ។
លោក Miomir Koracគឺជាបុរាណវិទូឈានមុខគេម្នាក់ និយាយថា ការរកឃើញបង្ហាញថា នាវានេះអាចមានអាយុកាលចាប់តាំងពីសតវត្សរ៍ទី ៣ ឬទី៤មុនគ.ស ពេលដែលទីក្រុង Viminaciumគឺជារដ្ឋធានីនៃអាណាចក្រខេត្ត Moesia Superior របស់រ៉ូម៉ាំង ហើយនិងមានកំពង់ផែនៅជិតដៃទន្លេ Danube ។
លោកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកសន្មត់ថានាវានេះ គឺជារបស់រ៉ូម៉ាំង ប៉ុន្តែលោកមិនច្បាស់ចំពោះអាយុកាលពិតប្រាកដរបស់វានោះទេ ។
ក្រុមបុរាណវិទូ មានជំនឿថា នាវា ២គ្រឿង និងទូកចែក ៣គ្រឿង ដែលត្រូវបានរកឃើញមកទល់នឹងពេលនេះនៅតំបន់នោះ បានលិច ឬត្រូវបានគេបោះបង់ចោលនៅច្រាំងទន្លេ ។
សូមបញ្ជាក់ថា កំណាយប្រវត្តិសាស្រ្តនៅទីក្រុង Viminaciumបានធ្វើឡើងចាប់តាំងពីឆ្នាំ ១៨៨២មកម្ល៉េះ ប៉ុន្តែក្រុមបុរាណវិទូ ប៉ាន់ស្មាន់ថា ពួកគេទើបរកសុសសព្វបានត្រឹមតែ ៥ភាគរយប៉ុណ្ណោះនៃទីក្រុងរ៉ូម៉ាំង ដែលពួកគេនិយាយថា ស្ថិតលើផ្ទៃដីទំហំ ៤៥០ហិចតា ៕