ភ្នំពេញ ៖ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះការបញ្ចេញទស្សនៈផ្ទាល់ខ្លួននាពេលថ្មីៗនេះ របស់អ្នករាយការណ៍ពិសេសមួយចំនួនតូចពាក់ព័ន្ធនឹងការបោះឆ្នោតជាតិនៅកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ការលើកឡើងរបស់ អ្នករាយការណ៍ពិសេសមួយចំនួនតូច មានភាពមិនត្រឹមត្រូវ ជាពិសេសពាក់ព័ន្ឋនឹងសភាពពិតនៅមូលដ្ឋាន ដែលប្រការនេះនាំឱ្យអ្នករាយការណ៍ពិសេសធ្វើការវាយតម្លៃដោយជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង។
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានផ្តល់នូវការសង្កេតជាតថភាពមួយចំនួនទៅអ្នករាយការណ៍ពិសេសទាំងនោះថា បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញខាងលើ បែរជាធ្វើមិនដឹងមិន ឮអំពីអត្រាអ្នកចូលរួម
បោះឆ្នោតដ៏ខ្ពស់ចំនួន ៨៤,៥៩% ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការបោះឆ្នោត ព្រមទាំងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចី តែរីកចំរើននៃព្រះរាជាណាចក្រកម្ពុជា។
អត្រាខ្ពស់នៃអ្នកទៅបោះឆ្នោត ជាសក្ខីភាពបង្ហាញឱ្យឃើញពីការប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងការអំពាវនាវឱ្យមានការធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការលាបពណ៌នានាដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណង ឱ្យមានការផ្លាស់ប្តូររបប តាមរយៈវិធីសាស្ត្រមិនប្រជាធិបតេយ្យ។
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាបញ្ជាក់ថា អ្នករាយការណ៍ពិសេសទាំងនេះបែរជាជ្រើសរើសការមិនទទួលស្គាល់ការពិតដែលមិនអាចប្រកែកបាននេះ ដោយរក្សាភាពស្ងប់ស្ងៀមទាំងស្រុងរបស់ខ្លួន ដែលជាការបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈលាក់កំបាំងដោយលម្អៀងរបស់ពួកគេទៅវិញ។
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាបញ្ជាក់ថា ការចោទប្រកាន់ថា ការបោះឆ្នោតជាតិ មិនមានតុល្យភាព និងបង្ករការព្រួយបារម្ភពីអន្តរជាតិគឺជាការលើកទ្បើងប្រាសចាកពីការពិត។ ខណៈអ្នកសង្កេតការណ៍អន្តរជាតិ ៤២២ នាក់ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១ ស្ថាប័ន បូករួមទាំងភ្នាក់ងារគណបក្សនយោបាយ ចំនួន ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យ ចំនួន ៩០.០០០ នាក់ បានត្រួតពិនិត្យតាមដានយ៉ាងដិតដល់នូវដំណើរការបោះឆ្នោតនេះដោយបានបញ្ជាក់ពីភាពត្រឹមត្រូវ និងតម្លាភាព។ ដេលប្រការនេះបង្ករការងឿងឆ្ងល់ទៅលើលទ្ធភាពមើលឃើញច្បាស់ ឬមើលមិនឃើញទាល់តែសោះរបស់អ្នករាយការណ៍ពិសេសទាំងនោះ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវបដិសេធទាំងស្រុងនូវសេចក្ដីអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេស និងក្រើនរំលឹកអ្នករាយការណ៍ពិសេស ត្រូវគោរពតាមឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ពុំដូច្នេះទេការបំពានជាម្ដងហើយម្ដងទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តនិងនិងកិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់កម្ពុជាជាមួយយន្តការអ្នករាយការណ៍ពិសេសនេះ៕ ដោយ ៖ ដារ៉ា