ភ្នំពេញ ៖ មនី្ទរពេទ្យជាតិ តេជោសន្តិភាព មានទីតាំងបណ្តោយមហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ជាទីបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលការគាំទ្រច្រើនពីប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកពីតាមបណ្តារាជធានី-ខេត្ត បានអញ្ជើញមកទទួលសេវាពិនិត្យ ពិគ្រោះ សម្រាកព្យាបាលជំងឺ។
ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តកំពង់ស្ពឺ កំពង់ចាម កណ្តាល បណ្តាខេត្តផ្សេងទៀត រួមនឹងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញមកទទួលសេវាពិនិត្យ ព្យាបាលជំងឺ ពីក្រុមការងារគ្រូពេទ្យជំនាញនៃមនី្ទរពេទ្យជាតិ តេជោសន្តិភាព បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ ថា គាត់គ្រប់គ្នា បានអញ្ជើញមកកាន់មនី្ទរពេទ្យជាតិ តេជោសន្តិភាពនេះ ពិតជាមានកី្តរំភើបជាខ្លាំង ហើយមនី្ទរពេទ្យស្អាត មានបរិស្ថានល្អ ទីធ្លាធំទូលាយ ដោយមុនដំបូងពេលចូលមកកាន់មនី្ទរពេទ្យ មិននឹកស្មានថាជាមនី្ទរពេទ្យនោះទេ គិតថាជារមណីយដ្ឋាន ឬជាភោជនីយដ្ឋាន ជាពិសេសអ្នកគ្រូពេទ្យ លោកគ្រូពេទ្យ បានមកទទួលស្វាគមន៍រាក់ទាក់ណាស់ ធ្វើឲ្យគាត់គ្រប់គ្នាមានភាពកក់ក្តៅ មានទំនុកចិត្តជឿជាក់ក្នុងការផ្តល់សេវាសុខាភិបាល ជូនគាត់។ គ្មានអ្វីប្រៀបផ្ទឹមបាននោះ គឺសម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់មកលើប្រជាពលរដ្ឋ ដែលជាកូនចៅរបស់សម្តេចទូទាំងប្រទេសកម្ពុជា និងសូមគោរពថ្លែងអំណរគុណសម្តេចតេជោ មានអាយុយឺនយូរ មានប្រាជ្ញាឈ្លៀសវៃ បន្តជួយកូនប្រុស ស្រី ឲ្យបានយូរអង្វែង ហើយកូនចៅប្រុស ស្រី មិនចង់ឲ្យសម្តេចតេជោ ទៅណានោះទេ ព្រោះសម្តេចតេជោ ដូចជាឪរបស់យើង មើលថែទាំយើង មើលការខុសត្រូវយើង។
ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត ង៉ែត សុបញ្ញា នាយករងមនី្ទរពេទ្យ តំណាងលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមនី្ទរពេទ្យជាតិ តេជោសន្តិភាព បានថ្លែងថា មនី្ទរពេទ្យជាតិ តេជោសន្តិភាព បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាល លើកកម្ពស់សុខមាលភាពជូនប្រជាជន ក្នុងនោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ ព្យាយាមផ្តល់សេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព សក្តិភាព និងសមធម៌ ជូនប្រជាជន ដែលអញ្ជើញមកកាន់មន្ទីរពេទ្យជាតិ តេជោសន្តិភាព។
ក្នុងឱកាសនោះដែរ ក្នុងនាមលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមនី្ទរពេទ្យជាតិ តេជោសន្តិភាព លោកវេជ្ជបណ្ឌិត ង៉ែត សុបញ្ញា សូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តួចផ្តើមគំនិតបង្កើតនូវមនី្ទរពេទ្យមួយនេះឡើង បើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ នេះជាសមិទ្ធផលដ៏ថ្លៃថ្លាមួយ ក្នុងអាណត្តិទី៦របស់សម្តេចតេជោ បានសាងសង់មនី្ទរពេទ្យជាតិថ្មីទំនើប ដែលអាចផ្តល់សេវាសុខាភិបាលជូនប្រជាជនទូទាំងប្រទេស ដោយមិនឲ្យប្រជាជនណាម្នាក់ខ្វះការថែទាំ និងខ្វះកន្លែងសម្រាកព្យាបាលនោះទេ នេះហើយជាគុណបំណាច់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ក៏សូមអរគុណជូនចំពោះឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាលមនី្ទរពេទ្យជាតិ តេជោសន្តិភាព បានដឹកនាំ និងជួយដល់ថ្នាក់ដឹកនាំក្នុងមនី្ទរពេទ្យ ជួយឧបត្ថម្ភផ្នែកបច្ចេកទេស សម្ភារៈបរិក្ខារវេជ្ជសាស្រ្តសុខាភិបាល លើបញ្ហាផ្សេងៗ និងសូមអរគុណដល់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដែលបានចូលរួមជួយសម្របសម្រួលលើទីតាំងនេះ ដើម្បីអាចឲ្យថ្នាក់ដឹកនាំមនី្ទរពេទ្យ ដំណើរការ និងសម្របសម្រួលគ្រប់យ៉ាងលើសុវត្ថិភាព សុខសន្តិភាព៕ អត្ថបទ៖ រដ្ឋា

























