
ក្រសួងការពារជាតិរុស្ស៊ី និយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអាកាសរុស្ស៊ី បានចូលរួមសមយុទ្ធយោធាពេលយប់ជាមួយអង្គភាពកងកម្លាំងពិសេសស៊ីរី នៅខេត្ត Hama ។
រូបភាពវីដេអូឃ្លីបដែលបញ្ចេញដោយក្រសួងការពារជាតិរុស្ស៊ី ឃើញសមយុទ្ធពាក់ព័ន្ធនឹងយន្តហោះយោធា ឧទ្ធម្ភាគចក្រ និងប្រព័ន្ធបាញ់មីស៊ីលជាច្រើនទៀត ក៏ដូចជាចំនួនកងទ័ពជើងគោកដ៏ច្រើនសន្ធឹកសន្ធាប់ ហើយ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត ។
អំឡុងសមយុទ្ធយោធានេះដែរ កងកម្លាំង បានឆ្លើយតបនឹងសេណារីយោជាច្រើន ជាទីដែលក្រុមយោធា រឹបអូសការគ្រប់គ្រងសហគមន៍ និងធ្វើឲ្យជនស៊ីវិលស្ថិតក្នុងហានិភ័យ ។
ផែនការផ្តល់ជូនដោយក្រុមមេបញ្ជាការយោធារុស្ស៊ី និងស៊ីរី ពាក់ព័ន្ធនឹងការប្រើប្រាស់ការវាយប្រហារតាមច្រកអាកាស ការបាញ់កាំភ្លើងធំ និងទម្លាក់គ្រាប់បែកដើម្បីជួយឲ្យទាហានរំដោះចំណាប់ខ្មាំង ។
សូមបញ្ជាក់ថា រុស្ស៊ី បានធ្វើអន្តរាគមន៍សង្រ្គាមស៊ីរី កាលពីឆ្នាំ ២០១៥ ដោយប្រើប្រាស់ការវាយប្រហារតាមច្រកអាកាស និងដាក់ពង្រាយក្រុមទីប្រឹក្សាយោធា និងនគរបាល ដើម្បីជួយប្រធានាធិបតីស៊ីរីលោក Bashar al-Assad ដណ្តើមទឹកដីមកវិញពីក្រុមឧទ្ទាម ៕